(ហាណូយ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រមើលឃើញថា ប្រទេសក្នុងតំបន់ទន្លេមេគង្គទាំង៥រួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ ក្នុងអំឡុងមួយ ទៅពីរទសវត្សរ៍ខាងមុខ។ ដើម្បីសម្រេចចក្ខុវិស័យនេះ សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសទាំង៥ ត្រូវរួមគ្នារក្សាឲ្យបាននូវសន្តិភាព និងស្ថេរភាព ជាពិសេសត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម និងឧបសគ្គធំៗ ចំពោះការប្រកួតប្រជែងនៅក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងដូច្នេះក្នុងពេលសម្តេចឡើងថ្លែងសុន្ទរកថាគន្លឹះមួយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពស្តីពីតំបន់មេគង្គ ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។ វេទិកានេះមានការចូលរួមពីមេដឹកនាំប្រទេសក្នុងតំបន់ទន្លេមេគង្គ និងមេដឹកនាំប្រទេសនៅលើពិភពលោកជាច្រើនរូបផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា តំបន់មេគង្គស្ថិតក្នុងភូមិសាស្រ្តសេដ្ឋកិច្ច និងនយោបាយមួយអំណោយផលនៅចំកណ្តាលបេះដូង នៃអាស៊ាន ស្ថិតក្នុងតំបន់អាស៊ី ដែលមានកំណើនខ្ពស់នៅចន្លោះមហាអំណាចសេដ្ឋកិច្ចធំពីរ គឺចិន និងឥណ្ណា ជាពិសេសមានច្រកចេញទៅសមុទ្រសម្រាប់ផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។

សម្តេចតេជោ បានបន្តថា នៅឆ្នាំ២០៣០ខាងមុខ ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នឹងមានប្រជាជនប្រមាណ ២៦០លាននាក់ ដែលក្នុងនោះ ៦៥ភាគរយ ជាកម្លាំងពលកម្ម ដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មតំបន់។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ដូច្នេះ «យើងមានសក្តានុពលសម្រាប់បង្កើតបណ្តាញផលិតកម្មតំបន់មួយប្រកបដោយភាពប្រកួតប្រជែង និងប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចបែងចែកប្រយោជន៍សមស្រប ដល់ប្រទេសចូលរួមនីមួយៗនៅក្នុងខ្សែចង្វាក់តម្លៃ និងការផ្គត់ផ្គង់។ ការតភ្ជាប់បណ្តាញផលិតកម្មបែបនេះ នឹងជួយពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាតាមរយៈការបំបេញឲ្យគ្នាទៅវិញទៅមករវាងប្រទេស ដែលមានឧស្សាហកម្មឈានមុខ គឺថៃ និងវៀតណាម និងប្រទេសជួរក្រោយ គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលផ្គុំជាខ្សែចង្វាក់ផលិតកម្មតំបន់មួយប្រកបដោយជវភាព»

បើទោះបីជាយ៉ាងណាដើម្បីសម្រេចចក្ខុវិស័យនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទាមទារឲ្យប្រទេសទាំង៥ ត្រូវយកចិត្តទុកដាក់ជាចម្បងទៅលើការថែរក្សាសន្តិភាព និងស្ថិរភាព​តំបន់ ហើយត្រូវរួមគ្នាដោះស្រាយឧបសគ្គធំៗ ចំពោះភាពប្រកួតប្រជែងតំបន់ ដោយផ្តោតជាសំខាន់លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ថាមពល និងឌីជីថល ការធានាចលនាដោយសេរី និងប្រកបដោយប្រសិទ្ធភាព នៃលំហូរពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការអភិវឌ្ឍមូលធនមនុស្ស។

ក្រៅពីការរក្សានូវសន្តិភាព ស្ថេរភាពហើយនោះ ប្រទេសក្នុងតំបន់ទន្លេមេគង្គ ក៏ត្រូវតែយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន និងការធានាបាននូវបរិយាកាស​ល្អប្រសើរក្នុង​អាជីវកម្ម​សម្រាប់វិស័យឯកជន ក៏ជាកាត្តាសំខាន់ក្នុងការក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មនេះផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានមើលឃើញទៀតថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន និងគំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រម​ទាំង​យន្តការមូលនិធីផ្លូវ ធនាគារ AIIB និង ADB ក៏នឹងដើរតួនាទីដ៏សំខាន់ក្នុងផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្លូវហាយវ៉េ ផ្លូវរថភ្លើង ផ្លូវទឹក កំពង់ផែ ផ្លូវអាកាស ក៏ដូចជាបណ្តាញថាមពល និងបណ្តាញ​ទូរគមនាគមន៍រួមទាំងការសម្របសម្រួលខាងស្ថាប័ន និងនិយ័តកម្ម ដើម្បីបម្រើឲ្យការតភ្ជាប់តំបន់ទាំងផ្នែករឹង និងផ្នែកទន់ ក៏ជាកត្តាជួយ ឲ្យប្រទេសតំបន់មេគង្គក្លាយ​ជាមជ្ឈមណ្ឌល​ផលិតកម្ម​ដ៏ធំផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចរំលឹកដល់មេដឹកនាំពិភពលោកថា ប្រទេសកម្ពុជា មានចំណុចពិសេស និងសក្តានុពលជាច្រើនសម្រាប់ជំរុញដល់ផលិតកម្ម។ ចំណុចពិសេស និងសក្តានុពលទាំង​នោះមានដូចជា ប្រទេសកម្ពុជាមានទីតាំងយុទ្ធសាស្រ្តនៅចំកណ្តាលតំបន់មេគង្គ និងអាស៊ាន ជាប្រទេសមានសេដ្ឋកិច្ចបើកចំហរ និងជាប្រទេសមានសក្តានុពលកំណើនខ្ពស់ គាំទ្រដោយផលលាភ​ប្រជាសាស្រ្ត និងធនធានធម្មជាតិសម្បូរបែប។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ដើម្បីរុញច្រានប្រទេសតំបន់មេគង្គឲ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំក្នុងតំបន់ និងពិភពលោកនេះ កម្ពុជា បានត្រៀមរួចជាស្រេច ដើម្បីសហការជាមួយ​ប្រទេសតំបន់មេគង្គ៕