(បាត់ដំបង)៖ សាលាគណខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆ​រមហាសន្និបាត​មន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសិរីសុគន្ធមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណ:ធម្មយុត្តិកនិកាយនៃកម្ពុជា។

ពិធីនេះក៏មានការចូលរួមពីព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណ:ថ្នាក់ចត្វានិងជាព្រះសង្ឃកិច្ចកោសល ព្រះមេគណមហានិកាយខេត្ត, ព្រះធម្មត្ថេរ ឡុង សុងលី ព្រះជាគណៈថ្នាក់ចត្វា និងជាព្រះខន្ត្យាវុធិន្ទវង្ស ព្រះគណ គណ:ធម្មយុត្តិនិកាយខេត្តបាត់ដំបង, លោក ខិញ ហង្សហួន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីព្រះមន្ត្រីសង្ឃ អភិបាលក្រុង ស្រុក ទាំង១៤ អភិបាលក្រុង កងកម្លាំង មន្រ្តីរាជការ សិស្ស និស្សិត ចូលរួមប្រមាណ ១,២០០នាក់នៅសាលប្រជុំមជ្ឈមណ្ឌលសុភមង្គល។

បន្ទាប់ពីរបាយការណ៍សង្ខេបស្វាគមន៍របស់លោក គុណសម្បត្តិ មុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ស្តីពីសាសនា នានា ពិសេសព្រះពុទ្ធព្រះសង្ឃដែលគង់នៅក្នុងខេត្តបាត់ដំបង រួចមក ព្រះបុណ្ណសិរី សួន ឈឿត ព្រះធម្មធរគណខេត្ត និងជាព្រះចៅអធិការវត្តពោធិ៍វាល ក្រុងបាត់ដំបង បាននិមន្តឡើងអានផ្សព្វផ្សាយសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២នៅទូទាំងខេត្តបាត់ដំបង​នៅក្នុងអង្គសន្និបាត។

នាឱកាសនោះដែរលោក សុខ លូ បានក្រាបថ្វាយបង្គំដល់សម្តេចព្រះអភិសិរីសុគន្ធមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងបវរណាអំពាវនាវដល់ព្រះសង្ឃគ្រប់ឋានានុក្រម គ្រប់ព្រះអង្គថា រាល់ពេលដែលព្រះសង្ឃទេសនាគ្រប់កន្លែង សូមព្រះមេត្តាជួយផ្សព្វផ្សាយច្បាប់ចរាចរ ឲ្យពុទ្ធបរិស័ទ្ធ នាំគ្នាគោរពច្បាប់ចរាចរ ដើម្បីកាត់បន្ថយអាត្រាស្លាប់ និងរបួស ដោយសារការគ្រោះថ្នាក់ចរាចររាល់ថ្ងៃ ព្រោះពួកគាត់ពុំសូវនាំគ្នាគោរពច្បាប់ទេដូចជា ស្លាកសញ្ញាចរាចរ ផ្សេងៗជាដើម និងជួយអប់រំ ទប់ស្កាត់អំពីបញ្ហាគ្រឿងញៀន ទាំងអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព​អ្នកប្រើប្រាស់​ដែលជាបន្ទុកដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។

លោកអភិបាលខេត្តបាន បន្តថា សូមព្រះតេជគុណចៅអធិការវត្តនីមួយៗ មុននឹងទទួល ឬបំបួសនាគម្តងៗ មេត្តាត្រួតពិនិត្យ និងប្រវត្តិឲ្យបានច្បាស់លាស់ តើធ្លាប់ញៀនថ្នាំដែរឬទេ? ឧទាហរណ៍ បើសិនជាញៀនថ្នាំហើយចូលបួសបានទៀតមិនយូរ មិនឆាប់ ឈានដល់ព្រះសង្ឃអាចទទួលញៀនថ្នាំដែរ និងបង្កជាអំពើហឹង្សា អ្វីផ្សេងៗទៀតផងដែរ។

លោកក៏បានអំពាវនាវដល់ មាតា បិតា ដែលមានកូនញៀនថ្នាំហើយ មេត្តាកុំយកកូនរបស់ខ្លួន ទៅផ្ញើព្រះសង្ឃនិងបានបំបួសជាលោកឲ្យសោះ ព្រោះក្នុងវត្តមិនមែនជាកន្លែងអប់រំ បន្សាបគ្រឿងញៀនទេ គឺជាកន្លែងស្ងប់ស្ងាត់ រៀនធម៌ ត្រូវយកកូនទៅមណ្ឌលបន្សាបគ្រឿងញៀន រហូតជាសះស្បើយនិងត្រូវបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនបន្តទៀត៕