(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានក្រើនរម្លឹកមន្ត្រីនៃក្រសួងបរិស្ថានថា កុំដើម្បីតែលុយបន្តិចបន្តួចបានមកពីការសូកប៉ាន់របស់ក្រុមហ៊ុនខិលខូចមួយចំនួន ដែលលួចបង្ហូរកាកសំណល់ រាវចូលក្នុងប្រភពទឹកបំពុលទឹក បំពុលបរិស្ថាន ហើយសុខចិត្តធ្មេចភ្នែកមិនប្រជាពលរដ្ឋរងគ្រោះថ្នាក់ពីការបំពុលប្រភពទឹករហូតប៉ះពាល់ដល់អាយុជីវិត។
លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានប្រាប់ទៅកាន់មន្ត្រីក្រសួង និងភាគីក្រុមហ៊ុន ឱ្យគិតពិចារណាថា បើផលប៉ះពាល់កើតចេញពីការបំពុលប្រភពទឹកនេះ កើតឬធ្លាក់ទៅលើក្រុមគ្រួសាររបស់ខ្លួន នឹងមានអារម្មណ៍បែបណា និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺមានតម្លៃថ្លៃជាងរោងចក្រដែលបង្ហូរកាកសំណល់ចូលទៅក្នុងប្រភពទឹកទៅទៀត។
ការក្រើនរម្លឹកបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានរម្លឹកយ៉ាងដូច្នេះថា៖ «មន្ត្រីក្រសួងបរិស្ថានត្រូវចាំ កុំដើម្បីលុយបន្តិចបន្តួចឱ្យប្រជាពលរដ្ឋខ្មែរ អ្នកស្លូតត្រង់រងគ្រោះដោយសារយើង ព្រោះយើងជាតំណាងគាត់ យើងជាអ្នកការពារគាត់ យើងជាអ្នករក្សាប្រភពទឹកឱ្យគាត់ ដើម្បីជំនាន់ក្រោយតទៅទៀត អ៊ឹចឹងទេសុំសូមក្រែប្រែឥរិយាបថក្នុងករណីដែលបានប្រព្រឹត្តិខុសកន្លងមក»។
នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថាមូលហេតុដែលក្រុមហ៊ុនមួយចំនួនលួចបង្ហូរកាកសំណលរាវចូលទៅក្នុងប្រភពទឹកដូចជាស្ទឹង ប្រឡាយ គឺព្រោះតែក្រុមហ៊ុនមួយចំនួននោះចង់កេងចំណេញជ្រុល ដោយមិនចាំបាច់ចំណាយថវិកាសាងសង់អាងប្រព្រឹត្តិកម្មទឹក និងចំណាយថវិកាសម្អាតទឹកសំណល់ទាំងនោះឱ្យបានស្អាត។
លោកបណ្ឌិត អ៊ាង សុផល្លែត ក៏ណែនាំមន្ត្រីទាំងនោះ ឱ្យធ្វើខ្លួនស្អាតស្អំ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាគម្រូ និងជាការព្រមានទៅកាន់ក្រុមហ៊ុនខិលខូចដែលល្មើសហ៊ានបង្ហូរកាកសំណល់រាវចូលប្រភពទឹក រហូតបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានលើកឡើងថា កុំស្មានថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន អង្គុយបំពេញការងារតែក្នុងការិយាល័យមិនដឹងពីបញ្ហា ផលប៉ះពាល់ដែលកើតមាននានា ព្រោះបច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿន លោកអាចទទួលបានព័ត៌មាននៃផលប៉ះពាល់ចំណុចអវិជ្ជមាននានាបានគ្រប់ពេលវេលា។
លោកបណ្ឌិត អ៊ាង សុផល្លែត ក៏ទុកឱកាសឱ្យមន្ត្រីដែលធ្លាប់ ត្រូវកែប្រែកំហុសរបស់ខ្លួនឈប់ទទួលសំណូកពីក្រុមហ៊ុនបំពុលបរិស្ថាន ហើយងាកមករាយការណ៍ពីការបំពុលបរិស្ថានរបស់ក្រុមហ៊ុន ដើម្បីការពារ និងបញ្ចៀសផលប៉ះពាល់លើសុខភាពប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានប្ដេជ្ញាដោះស្រាយបញ្ហាអវិជ្ជមានផលប៉ះពាល់នានា ក្នុងវិស័យបរិស្ថានម្ដងមួយជំហានៗ ដើម្បីធានាដល់ស្ថិរភាពសង្គម សេដ្ឋកិច្ច នយោបាយ មិនឱ្យប៉ះពាល់អ្នកវិនិយោគឡើយ៕