(កំពង់ឆ្នាំង)៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដីព្រៃលិចទឹក១កន្លែង ស្ថិតនៅចំណុចក្រោយលោកតាគគី ក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលត្រូវភ្លើងឆេះអស់ជាច្រើនហិកតាកន្លងមក ហើយត្រូវបានខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងមន្ទីរកសិកម្មខេត្ត ធ្វើការដកហូតជាវត្ថុតាងដាក់ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្នដី១កន្លែងនេះ មិនទាន់ត្រូវបានតុលាការសម្រេចយ៉ាងណានៅឡើយ ក៏ស្រាប់តែមានជនខិលខូច និងមិនស្គាល់មុខបានលួចចូលទៅភ្ជូរាស់ព្រួសស្រូវអស់ជាច្រើនហិកតា បំពានទៅលើនីតិវិធីរបស់មន្ត្រីជំនាញ និងតុលាការ ដែលករណីនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅទីនោះ សំណូមពរដល់មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល និងលោកព្រះរាជអាជ្ញាមេត្តាវែកមុខរកជនប្រព្រឹត្តល្មើសខាងលើនេះដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ សម្រាប់ទុកជាគំរូដល់អ្នកដទៃទៀត។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ថា ករណីនេះលោកទើបតែទទួលបានព័ត៌មាន ហើយលោកក៏កំពុងចាត់ឱ្យមន្ត្រីជំនាញ ចុះទៅពិនិត្យជាក់ស្ដែង ប្រសិនបើរកឃើញថា មានបុគ្គលខិលខូចចូលទៅអាស្រ័យផលនៅលើដីហាមឃាត់ តាមសេចក្តីរាយការណ៍ពិតប្រាកដមែន លោកនឹងស្រាវជ្រាវវែកមុខរកបុគ្គលទាំងនោះដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការដោយមិនមានការលើកលែងឡើយ ព្រោះដីទាំង២៤ហិកតាដែលបានហាមឃាត់ខាងលើនេះ គឺជាវត្ថុតាងដែលបានដកហូត និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការរួចហើយដែរ ដែលបច្ចុប្បន្នដីនេះកំពុងស្ថិត នៅក្នុងនីតិវិធីរបស់តុលាការនៅឡើយ។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ថា ចំពោះដីទំហំ២៤ហិកតាស្ថិត នៅចំណុចក្រោយលោកតាគគី ក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខាងលើនេះ គឺជាដីរបស់រដ្ឋ កន្លងមកត្រូវបានជនខិលខូចលួចដុត។

ករណីនេះលោកក៏បានកសាងឯកសារបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីផងដែរ។ មកដល់ពេលនេះតុលាការពុំទាន់បានសម្រេចថាយ៉ាងណានៅឡើយនោះទេ។ ហេតុនេះប្រសិន បើមានបុគ្គលណាចូលទៅភ្ជួររាស់ឈូសឆាយ ឬអាស្រ័យ ផលនៅលើដីនោះ លោកនឹងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យ និងស្រាវជ្រាវរកមុខបុគ្គលដែលបានប្រព្រឹត្តទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៀត ដោយមិនមានការយោគយល់ឡើយ៕