(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់មន្ទីរការងារ រួមទាំងរដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់បន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ដើម្បីចុះឈ្មោះចូលបម្រើការងារនៅតាមតំបន់រោងចក្រនានាក្នុងខេត្តដែលកំពុងមានតម្រូវការកម្លាំងពលកម្ម។
ការថ្លែងប្រាប់មន្ទីរការងារ និងអាជ្ញាធរមូលដ្ឋានបែបនេះរបស់លោកអភិបាលខេត្តស្វាយរៀង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ទៅលើការការពារសន្តិសុខសណ្តាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើជូនប្រជាពលរដ្ឋ។ អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអម័យបរិស្ថាននៅតាមទីប្រជុំជននានា ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតតិលេខ១ ត្រូវពិនិត្យ និងសម្អាតឲ្យបានស្អាត និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។
បន្ថែមលើសពីនេះ អភិបាលខេត្តបានក្រើនរំលឹកឲ្យអាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងសង្គមមិនត្រូវលើកលែងឡើយ ព្រមទាំងត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ អភិបាលខេត្តប្រគល់ថវិកាជ័យលាភីក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់លោកអភិបាលក្រុង/ស្រុកទាំង៨ផងដែរ៕