(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញមកបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបក្នុងករណីប្លន់ប្រជាពលរដ្ឋនៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម មិនមែនជាអតីតមន្ត្រីកងរាជអាវុធហត្ថនោះទេ ដូច្នេះសូមសាធារណជនកុំមានការច្រឡំឱ្យសោះ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា បើតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម «ថ្ងៃនេះវេលាម៉ោង ៦ជាងពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យ របួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យម្នាក់»

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្ថែមថា ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេស៊ីល មុខរបរអ្នករត់តាក់ស៊ី និងជាបុគ្គលិកក្រុមហ៊ុនមួយ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្មនៅពន្ធនាគារត្រពាំងផ្លុង។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានគូសបញ្ជាក់ថា ជនសង្ស័យបានអះអាងថា ខ្លួនបានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ បានរត់ចោលជួរនៅឆ្នាំ១៩៩៩។ តាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា ចំពោះករណីនេះ ជំនាញនគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធី៕