(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន១,០០០ដុល្លារ ជូនមន្ដ្រីនគរបាលម្នាក់ ដែលរងរបួសក្នុងប្រតិបត្តិការបង្ក្រាបចោរប្លន់ប្រដាប់អាវុធ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ថវិការបស់នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នាំយកទៅប្រគល់ជូនលោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល ដែលរងរបួសធ្លាយឆ្អឹង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

សូមជម្រាបថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធនៅស្រុកកំពង់សៀម។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ និងក្មេងតូចម្នាក់។

បើតាមលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី, ការបង្ក្រាបនេះជនល្មើសប្រដាប់ដោយអាវុធខ្លីK54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស លោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល និងនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕