(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបន្ដរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិុសុខឯកជន លើកទី៧០ ដល់ភ្នាក់ងារសន្ដិសុខឯកជន។ ពិធីបើកវគ្គបំប៉នជំនាញនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ក៏មានការរីកចម្រើនលើវិស័យសន្តិសុខឯកជនផងដែរ ដើម្បីបំពេញតម្រូវការនូវការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅតាមទីតាំង ឬគោលដៅ របស់អ្នកវិនិយោគ និងប្រជាពលរដ្ឋទាំងមូល។
លោកបានអះអាងថា វិស័យសន្តិសុខឯកជននេះ ជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែក ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ពិសេសបង្ការទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ និងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។ តម្រូវឲ្យមានកិច្ចសហការឲ្យបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋានត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។
ដើម្បីធ្វើឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន និងពង្រឹងនូវគុណភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ធ្វើយ៉ាងណាឲ្យវិស័យសន្តិសុខឯកជន ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តភាព និងគុណភាពខ្ពស់។ នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី។
លោកគូសបញ្ជាក់ថា ដើម្បីឲ្យមានសមត្ថភាពក្នុងការចូលរួមបង្ការបង្ក្រាប បទល្មើសតាមគោលដៅ យើងទាំងអស់គ្នាត្រូវពង្រឹងសមត្ថភាព គឺផ្តើមចេញពីការបណ្តុះបណ្តាល ឲ្យមានការយល់ដឹងជ្រៅជ្រះ ក្នុងការអនុវត្តភារកិច្ចនេះ។ នេះជាលើកទី៧០ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការជូន អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។
នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមក្នុងការអនុវត្តការងារជាប្រចាំថ្ងៃ ដូច្នេះសិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ និងចែករំលែកនូវបទពិសោធន៍ដែលខ្លួនមាន ក្នុងវគ្គបំប៉នជំនាញនេះ ហើយក្រេបយកចំណេះដឹងទាំងនេះ ទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕