(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ថា សម្រាប់ក្រុមហ៊ុនដែលមានចេតនាអាក្រក់នៅតែបន្តលួចវបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកធម្មជាតិ គឺក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងមិនលើកលែងជាដាច់ខាត ដូច្នេះ កុំបំពានច្បាប់ឱ្យសោះ។
ការចេញមកបញ្ជាក់បែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសលោកផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «ការបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកស្អាត មានច្រើន ហើយការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន ១០០ភាគរយ គឺគ្មានការងាករេទេ អ្នកដែលប្រព្រឹត្តត្រូវតែទទួលរងការទណ្ឌកម្មដោយច្បាប់ ដោយធ្ងន់ធ្ងរ»។
ត្រង់ចំណុចនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា ក៏មានការលាក់បាំងពីការលួចបង្ហូរទឹកពុលចូលប្រភពទឹកសំណាក់ម្ចាស់ក្រុមហ៊ុនតែម្តង ប៉ុន្តែករណីនេះគឺមិនអាចលាក់បាំងបាននោះទេ ពីព្រោះក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានចុះទៅផ្ទាល់នៅតាមទីតាំងបង្ហូរទឹកដោយបានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលរងគ្រោះពីការបង្ហូរទឹកកកង្វក់នេះ។
បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញការសោកស្តាយដោយសារតែដងស្ទឹងមួយ ត្រូវបំពុលដោយសារទឹកកង្វក់ដែលបង្ហូរចេញពីរោងចក្រ ខណៈពីមុនស្ទឹងនេះបានជួយបម្រើសេចក្តីត្រូវការរបស់ប្រជាពលើរដ្ឋរស់នៅជុំវិញដងស្ទឹងនេះបានសុខសាន្ត។
លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ៗថា៖ «យើងច្បាប់មានហើយ ព្រះករុណា ទ្រង់មានឡាយព្រះហត្ថហើយ និងបានដាក់ឱ្យប្រើប្រាស់ហើយ បើខ្ញុំមិនអនុវត្តច្បាប់មានន័យថា ខ្ញុំមិនគោរពច្បាប់ គោរពព្រះមហាក្សត្រ អីចឹងខ្ញុំមិនបំពានទេ គឺត្រូវអនុវត្ត ដូច្នេះ កុំបំពានអីខ្ញុំមិនលើកលែងននោះទេ»៕