(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងឱកាសលោកអញ្ជើញមកបំពញទស្សនកិច្ចនៅកម្ពុជា។
ក្នុងជំនួបនេះ អភិសន្តិបណ្ឌិត ស សុខា និងលោក LIU ZHONGYI បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំង អនុវត្តច្បាប់រវាងភាគីទាំងពីរកម្ពុជា-ចិន ដែលតែងតែផ្ដល់កិច្ចសហការផ្លាស់ប្ដូរ ព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនេះដែរ អភិសនិ្តបណ្ឌិត ក៏សូមថ្លែងអំណរគុណស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងការក្នុងបុព្វហេតុ នៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រយៈពេលកន្លងមកកាន់តែប្រសើរឡើងថែមទៀត។
ជាការឆ្លើយតបលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណចំពោះអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យលោក ចូលជួបសម្ដែងការ គួរសមនាពេលនេះ លោកសង្ឃឹមថា ទំនាក់ទំនងរវាងក្រសួងទាំងពីរ នឹងបន្តរីកលូតលាស់ជាលំដាប់ និងបង្កលក្ខខណ្ឌកាន់តែសមស្របដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកអនុវត្តសម្រេចបាន ដោយជោគជ័យ នូវគម្រោង និងផែនការសហប្រតិបត្តិការនានា ដែលស្ថាប័នទាំងពីរបានផ្តួចផ្តើមក្នុងពេលកន្លងមក។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយឈរលើស្មារតីមិត្តភាព ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ៕