(កំពង់ធំ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយរឿងក្រុមកីឡាករអុំទូក-ងឈ្មោះ «តេជោសែនជ័យ» ៤នាក់ មិនបានទទួលប្រាក់រង្វាន់ ចំនួន៥០០ដុល្លារ ដែលជាការលើកទឹកចិត្តពីលោកបណ្ឌិត ងួន ញ៉ឹល អនុប្រធានទី២ រដ្ឋសភានោះ ពេលនេះក្រុមការងារអ៊ុទូក បានរៀបចំប្រាក់រង្វាន់ និងដោះស្រាយជូនពួកគេរួចរាល់អស់ហើយ នេះបើតាមការបញ្ជាក់ពីមន្រ្តីទទួលបន្ទុកកិច្ចការនេះនៅខេត្តកំពង់ធំ។
ក្រុមកីឡាករអុំទូក-ង «តេជោសែនជ័យ» ចំនួន៤នាក់ រួមមាន ប្រធានក្រុម អ្នកកាន់ក្បាលទូក និងអ្នកអុំទូក២នាក់ទៀត នៅថ្ងៃទី២៥ ខែតុលានេះ បានស្នើមន្រ្តីបច្ចេកទេសមន្ទីរព័ត៌មានខេត្តកំពង់ធំ ស្រាវជ្រាវរក Video ថ្ងៃប្រគល់ប្រាក់រង្វាន់ពីលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា ពីព្រោះពួកគេមិនបានឡើងទៅទទួលប្រាក់ចំនួន៥០០ដុល្លារនោះទេ ដោយសង្ស័យថា មានអ្នកឡើងទៅជំនួសយកប្រាក់រង្វាន់នេះទៅបាត់៕
លោក ខេន ខុម ប្រធានក្រុមកីឡាករអុំទូក-ង បានប្រាប់ភ្នាក់ងារ Fresh News ថានៅថ្ងៃទទួលប្រាក់រង្វាន់នោះ ខាងគណៈកម្មការបានប្រកាសឈ្មោះទូក «តេជោសែនជ័យ» ឡើងទទួលប្រាក់រង្វាន់ ហើយពេលឮយ៉ាងដូច្នេះ លោកក៏បានប្រជ្រៀតឡើងទៅយកប្រាក់នោះ ប៉ុន្តែដោយពេលឡើងទៅដល់វេទិកា ស្រាប់តែលោកបណ្ឌិត ងួន ញ៉ឹល ប្រាប់ថាមានអ្នកតំណាងមកទទួលហើយ។ បន្ទាប់ពីដឹងថាមានអ្នកតំណាងមកទទួល លោកក៏ចុះមកវិញ ហើយក៏ទៅសួរគ្នីគ្នា គឺអ្នកកាន់ក្បាលទូក ស្រាប់តែគ្នាគាត់ឆ្លើយថាអត់ដឹងទេ។ ដូច្នេះមិនដឹងថា នរណាទៅឡើងយកជំនួសនោះឡើយ។
ចំពោះករណីនេះ ត្រូវបានក្រុមការងារអ៊ុទូកថ្លែងឲ្យដឹងថា នៅល្ងាចថ្ងៃទី២៥ ខែតុលានេះ បានដោះស្រាយរួចរាល់អស់ហើយ៕