(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា (OCIC)។

សន្និបាតនេះរៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងទេសចរណ៍សម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ សំដៅរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ។

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាព វាយតម្លៃលើលទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំ២០២៤ កន្លងទៅ និងលើកឡើងអំពីវិធានការគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយមានកិច្ចពិភាក្សា ការផ្លាស់ប្តូរមតិយោបល់ និងបទពិសោធ ដើម្បីទទួលបាននូវធាតុចូលថ្មីបន្ថែមក្នុងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត ព្រមទាំងផ្តល់អនុសាសន៍ណែនាំ តម្រង់ទិសលើការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា សំដៅជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕