(ចិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយគណៈអធិបតី បានទស្សនាស្តង់ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-កម្ពុជា និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា (បរិវេណខាងក្រៅ និងខាងក្នុងសណ្ឋាគារ) ដើម្បីជាឱកាសដល់ការបង្ហាញពីសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ និងទាក់ទាញដល់ការវិនិយោគលើវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ រួមជាមួយវិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរដែលចូលរួមក្នុងសន្និសីទនេះ នឹងមានឱកាសភ្ជាប់ទំនាក់ទំនងរវាងគ្នា បង្កើតឱកាសវិនិយោគ និងតភ្ជាប់បណ្តាញធុរកិច្ចរវាងគ្នាផងដែរ។

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដដែលនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Zhang Min អភិបាលរងខេត្តហឺណាន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសន្និសីទផ្សព្វផ្សាយស្តីពីទេសចរណ៍និងវប្បធម៌ចិន-កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា-ចិន និងជាការភ្ជាប់បណ្តាញធុរកិច្ចទេសចរណ៍រវាងវិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរឱ្យមានឱកាសភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នា ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជនផងដែរ៕