(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥» ដោយផ្តោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ តាមរយៈការលើកយកប្រធានបទសំខាន់ៗ ទាក់ទងនឹងការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ទឹកស្អាត និង SMEs ជាដើមមកពិភាក្សា។
សន្និបាតនេះ រៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ៦០០នាក់។
ថ្លែងក្នុងពិធីបើកសន្និបាត លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា«សន្និបាតរយៈពេល២ថ្ងៃនេះ ផ្តល់ជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ រួមគ្នាវាយតម្លៃ និងដាក់ទិសដៅសម្រាប់យកទៅអនុវត្តភារកិច្ចរបស់ខ្លួននៅឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ មានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានអាណត្តិកិច្ចដឹកនាំ និងគ្រប់គ្រងអភិវឌ្ឍន៍ការងារសំខាន់ៗ រួមមានវិស័យឧស្សាហកម្ម, វិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, វិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផលិតភាពជាតិ, វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការកសាងសហគ្រិនភាព។
លោក ហែម វណ្ណឌី បានបន្ថែមថា «បើទោះបីសេដ្ឋកិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ-សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែលជំរុញដោយការនាំចេញរបស់កម្ពុជា»។
ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% និងត្រូវបានព្យាករថានឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥ ដោយក្នុងនោះវិស័យឧស្សាកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។
នៅក្នុងថ្ងៃទី១ នៃអង្គសន្និបាត តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បានពិភាក្សាលើប្រធានបទរួមស្តីពី ការគាំទ្រឧស្សាហូបនីយកម្ម ពិសេសការពង្រីកមូលដ្ឋានឧស្សាកម្មមិនប្រពៃណៃ បន្ថែមលើឧស្សាហវាយនភ័ណ្ឌ និងសំលៀកបំពាក់ ដោយផ្តោតលើការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ និងការកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ដើម្បីចៀសឱ្យផុតពី «អន្ទាក់ប្រទេសចំណូលមធ្យម»។
អង្គសន្និបាតក៏បានចូលពិភាក្សាលើប្រធានបទជាយុទ្ធសាស្ត្រគន្លឹះចំនួន៦ រួមមានការជំរុញការកែច្នៃ និងឧស្សាហកម្មប្រតិគមន៍, របៀបវារៈអាទិភាពនៃវិស័យទឹកស្អាតសម្រាប់គោលដៅឆ្នាំ២០៣០, ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផលិតភាពជាតិ, ការគាំទ្រការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងការកសាងសហគ្រិនភាព, ការកែទម្រង់សេវាសាធារណៈ ឌីជីថលូបនីយកម្ម និងការងារកសាងស្ថិតិ និងទិន្នន័យ, និងការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា។
ពិធីបិទសន្និបាតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕