(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានស្នើដល់សេវាករដែលកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីសូមយកចិត្តទុកដាក់លើការបង្កើនស្ថិរភាព និងពង្រឹងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីដល់អតិថិជន ពិសេសត្រូវបញ្ឈប់ការយកថ្លៃសេវាភ្ជាប់ចរន្តអគ្គិសនីលើសគោលការណ៍ដែលបានកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។
ការបញ្ជាក់នេះធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់សមាគមអគ្គិសនីជនបទ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ដឹ ព្រីមៀរ សែនសុខ។
លោកប្រធាន យឹម វិសិដ្ឋ បានណែនាំបន្ថែមដល់សេវាករដែលកាន់អាជ្ញាបណ្ណត្រូវយកចិត្តទុកដាក់លើការបង្កើនស្ថិរភាព និងពង្រឹងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីដល់អតិថិជន។ ត្រង់ចំណុចនេះ សេវាករទាំងឡាយត្រូវត្រួតត្រួពិនិត្យនូវអ្វីដែលខ្លួនអាចធ្វើបាន ដូចជា ការកាត់ក្រីមែកឈើដែលនៅជិតបណ្ដាញខ្សែអគ្គិសនី ថែទាំងបរិស្ថានអគ្គិសនីជាប្រចាំ កុំប្រើត្រង់ស្យ័រ ឬខ្សែបញ្ជូនលើសបន្ទុក។
លោកបានបន្តថា ប្រសិនបើមានបញ្ហាដាច់ចរន្តអគ្គិសនី សេវាករត្រូវប្រញាប់ជួសជុល ឬផ្លាស់ថ្មីដាក់ឱ្យប្រើប្រាស់វិញឱ្យបានលឿន។ ប្រសិនមានគម្រោងកាត់ផ្ដាច់ចរន្តអគ្គិសនីដើម្បីជួសជុលនិងថែទាំ ត្រូវជូនដំណឹងទៅអតិថិជនជាមុន ហើយខិតខំកាត់បន្ថយការផ្ដាច់ចរន្តឱ្យមានរយៈពេលខ្លី។
បើតាមការបន្ថែមរបស់ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវដាក់របាយការណ៍ពីការដាច់ចរន្តអគ្គិសនីប្រចាំត្រីមាស និងប្រចាំឆ្នាំ ដើម្បីឱ្យអាជ្ញាធរអគ្គិសនីអាចគ្រប់គ្រងពីស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។
លោកប្រធាន យឹម វិសិដ្ឋ បានសង្កត់ធ្ងន់ថា កន្លងមក មានករណីសេវាយកថ្លៃសេវាភ្ជាប់ចរន្តអគ្គិសនីលើសគោលការណ៍ដែលបានកំណត់ ដូច្នេះលោកបានណែនាំឱ្យបញ្ឈប់ការយកថ្លៃសេវាភ្ជាប់ចរន្តអគ្គិសនីលើសគោលការណ៍ដែលបានកំណត់ ពោលថ្លៃប្រាក់កក់ ថ្លៃភ្ជាប់ចរន្តអគ្គិសនី គឺត្រូវតែអនុវត្តតាមការណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។ ម្យ៉ាងវិញទៀត ត្រូវភ្ជាប់ចរន្តអគ្គិសនីតាមរយៈពេលដែលកំណត់ មិនត្រូវយឺតយ៉ាវដោយមិនគ្មានហេតុផល ឬរកលេសមិនសមស្របនោះឡើយ។
លោកក៏បានលើកឡើងពីការប្រើប្រាស់ EAC App ផងដែរ គឺត្រូវជួយផ្សព្វផ្សាយជំរុញឱ្យអតិថិជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យយល់ដឹងនិងប្រើប្រាស់ឱ្យបានទូលំទូលាយនូវ EAC App នេះ។ ការប្រើប្រាស់ EAC App អតិថិជនស្នើសុំភ្ជាប់ចរន្តអគ្គិសនី និងស្នើដំឡើងចរន្តអគ្គិសនី ឬអាចបង់ប្រាក់កម្មវិធីទូរស័ព្ទនេះបាន។ បើតាមទិសដៅរបស់អាជ្ញាធរអគ្គិសនីកម្ពុជា គឺចង់ឱ្យអតិថិជនប្រើប្រាស់ EAC App ឱ្យបាន៩៥ភាគរយ នៅចុងឆ្នាំ២០២៥។
លោក យឹម វិសិដ្ឋ ក៏បានស្នើឱ្យសេវាករដែលកាន់អាជ្ញាបណ្ណសូមចូលរួម ឬបញ្ជូនបុគ្គលិកដែលអាចដឹងការងារអាជីវកម្មសេវាកម្មរបស់ខ្លួន ឱ្យចូលរួមជាមួយវេទិកាសាធារណៈ ដើម្បីអាចដោះស្រាយបញ្ហាផ្គត់ផ្គង់សេវាកម្មអគ្គិសនីជូនប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពសេវាកម្មអគ្គិសនីនៅតាមមូលដ្ឋាន។
ជាមួយគ្នានោះ លោក ទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីជនបទ បានឱ្យដឹងថា បច្ចុប្បន្ន សម្រាប់ឆ្នាំ២០២៥ សមាគមអគ្គិសនីជនបទមានទិសដៅជំរុញឱ្យសេវាករជាសមាជិកចូលរួមអនុវត្តតាមការណែនាំ គោលការណ៍ យុទ្ធសាស្ត្ររបស់អាជ្ញាធរអគ្គិសនីកម្ពុជា ក៏ដូចជាក្រសួងរ៉ែនិងថាមពល។ បង្កើនការយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មផ្គត់ផ្គង់ ថែទាំ និងគុណភាពនៃការចែកចាយអគ្គិសនីដល់ប្រជាពលរដ្ឋ។ ជំរុញឱ្យសេវាករទាំងឡាយយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ ពិសេសគឺជំរុញឱ្យសេវាករទាំងឡាយចូលរួមតាមការស្នើ ឬអញ្ជើញឱ្យចូលរួមវេទិកាសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្មអគ្គិសនីនៅតាមមូលដ្ឋានប្រជាពលរដ្ឋ។
តាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ប្រភពអគ្គិសនីដែលបានអភិវឌ្ឍបានកើនដល់៥,០៤៤មេហ្កាវ៉ាត់ និងបណ្ដាញបញ្ជូនដែលបានអភិវឌ្ឍបានកើនដល់៣,៨៩០គីឡូម៉ែត្រ និងអនុស្ថានីយដែលបានអភិវឌ្ឍបានកើនដល់៧០កន្លែង។ ការផ្គត់ផ្គង់បណ្ដាញអគ្គិសនីបានគ្របដណ្ដប់លើរាជធានី-ខេត្តទាំង២៥រួចហើយ។ រីឯការអភិវឌ្ឍបណ្ឌាញតង់ស្យុងមធ្យម និងតង់ស្យុងទាបបានកើនដល់៩៩,២៥៧គីឡូម៉ែត្រ ដែលធ្វើឱ្យការគ្របដណ្ដប់នៃការផ្គត់ផ្គង់អគ្គិសនីចេញពីប្រព័ន្ធបណ្ដាញជាតិកើនដល់៩៩.១៥ភាគរយនៃភូមិទូទាំងប្រទេស និងភ្ជាប់ចរន្តទៅប្រជាពលរដ្ឋរហូតដល់៩៥.២៤ភាគរយនៃមូលដ្ឋានទូទាំងប្រទេស៕