(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា មានប្រទេសខ្លះបានវាយប្រហារប្រទេសកម្ពុជាថា ជាប្រទេសអសន្ដិសុខ មិនចង់ឲ្យក្រុមហ៊ុនលើពិភពលោកចូលមកកម្ពុជានោះទេ ប៉ុន្ដែនៅពេលក្រុមហ៊ុនដែលគ្រោងនឹងបង្កើតកម្មវិធី ឬគ្រោងវិនិយោគនៅកម្ពុជា បានមកដល់ដោយផ្ទាល់បានឃើញច្បាស់ថាកម្ពុជា ជាប្រទេសដែលមានសុវត្ថិភាពទៅវិញ, នេះជាមោទនភាពជាតិ ដោយសារស្ថេរភាពសន្ដិសុខ។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចបានអញ្ជើញ ជាអធិបតីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចមហាបវរធិបតីបានថ្លែងឲ្យដឹងថា ប៉ុន្ដែថ្ងៃមុននេះកម្ពុជាបានរៀបចំកម្មវិធីខ្នាតអន្ដរជាតិមួយ គឺពិព័រណ៍គ្រឿងអលង្ការ BVLGARI ដែលមានតម្លៃរហូតដល់១៥០លានដុល្លារ ដើម្បីមកដាក់តាំងបង្ហាញនៅកម្ពុជា។ ក្នុងនោះសម្រាប់ភ្ញៀវដែលបានចូលរួមសុទ្ធសឹងតែជាអ្នកមាន និងជាអ្នកធំៗ[......]។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់កម្មវិធីខ្នាតអន្ដរជាតិ តាំងពិព័រណ៍គ្រឿងអលង្ការ BVLGARI ដែលបានរៀបចំនៅកម្ពុជាទទួលបានជោគជ័យនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់ម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតផលធំៗ ហើយគ្រោងនឹងចូលមករៀបចំកម្មវិធីនានានៅកម្ពុជា។
សម្ដេចមហាបវរធិបតីបានបន្ដថា ក្រុមហ៊ុនធំៗដែលចុះមកកម្ពុជា បានរៀបចំស្លៀកសម្លៀកបំពាក់ខ្មែរ ផ្សព្វផ្សាយពាសពេញពិភពលោក នេះជាមោទនភាពរបស់យើង មិនមែនត្រឹមខេត្តសៀមរាបនោះទេ ប៉ុន្ដែអ្វីដែលជាការផ្សព្វផ្សាយ គឺធាតុពិតនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាធ្វើ ឲ្យពិភពលោកបានស្គាល់ និងបានទទួល។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ជាក់ស្ដែងមុននឹងមករៀបចំកម្មវិធី ពិព័រណ៍គ្រឿងអលង្ការ BVLGARI នេះ គេបានមើលប្រទេសជិតខាងយើងប្រមាណ៤-៥ប្រទេសមកហើយ ហើយបណ្ដាប្រទេសផ្សេងៗនោះ ក៏បានលើកឡើងពីចំណុចល្អៗរបស់ខ្លួនហើយ និងបានភ្ជាប់ថា ប្រទេសរបស់ខ្លួនមានអ្វីៗជាច្រើនល្អជាងប្រទេសកម្ពុជាជាដើម ប៉ុន្ដែជាក់ស្ដែងនៅពេលគេចុះ មកផ្ទាល់នៅកម្ពុជាទើបដឹងថា អ្នកផ្ដល់ព័ត៌មាននេះខូចដែលផ្ដល់ព័ត៌មានអាក្រក់ពីកម្ពុជា ទាំងដែលកម្ពុជាមិនអាក្រក់ដូចពាក្យគេថា [......]»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា «ប៉ុន្ដែនៅពេលដែលគេចូលមកដល់កម្ពុជា បានមើលឃើញច្បាស់ថា កម្ពុជាជាប្រទេសដែលមានសុវត្ថិភាព ដូច្នេះពួកគេមិនត្រឹមតែចូលរួមដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្ដែបានបន្ដហៅភ្ញៀវរបស់ខ្លួន ដែលសុទ្ធសឹងតែជាអ្នកមាន និងអ្នកធំៗ ឲ្យចូលមកកម្ពុជាផងដែរ ក្រោមទំនុកចិត្តយ៉ាងមុតមាំថា កម្ពុជាជាប្រទេសដែលមានសុវត្ថិភាព ទាំងនេះហើយជាអ្វីដែលយើងធ្វើបានជោគជ័យ ហើយនេះហើយជាមោទនភាពជាតិ ដែលបង្ហាញអំពីសក្ដានុពលដែលអាចបង្ហាញពីកត្តាសំខាន់មួយគឺ ស្ថេរភាពសន្ដិសុខនេះឯង»៕