(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាំ បានថ្លែងថា គ្រឿងអលង្ការ របស់ក្រុមហ៊ុន BVLGARI ដែលនាំយកមកតាំងបង្ហាញ នៅខេត្តសៀមរាប មានតម្លៃសរុប ១៥០លានដុល្លារ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិព័រណ៍គ្រឿងអលង្ការ BVLGARI បានយ៉ាងល្អ។

ក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South​-East Asia នៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃមុនឃើញថាធ្វើ BVLGARI គ្រឿងអលង្ការ។ គេយកមក ថ្ងៃហ្នឹងដឹកចេញពីអូតែល ពីសៀមរាប ទៅព្រលានយន្តហោះភ្នំពេញ ដើម្បីដឹកចេញ។ គ្រាន់តែគ្រឿងអលង្ការគេយកមកប៉ុន្មាន គឺ ១៥០លានដុល្លារ ដើម្បីយកមកដាក់បង្ហាញ។ ហើយអ្នកដែលមក គឺអ្នកដែលធំៗ។ សួរថា យើងចាំបាច់ហៅអ្នកធំ ប្រទេសយើងក្រីក្រ។ អត់ទេ យើងអត់រើសទេ»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ប្រទេសខ្លះវាយប្រហារកម្ពុជា អសន្ដិសុខ ប៉ុន្ដែនៅពេលក្រុមហ៊ុននោះមកដល់ស្រាប់តែឃើញច្បាស់ថា សុវត្ថិភាពទៅវិញ ហើយនេះជាមោទនភាពជាតិ ដោយសារស្ថិរភាពសន្ដិសុខ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ឥលូវនេះ ម៉ាកយីហោធំៗ គេឃើញការរៀបចំពិព័រណ៍នៅកម្ពុជាជោគជ័យ គេនឹងមកទៀតមិនខានឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា តំបន់ទេសចរណ៍ប្រសិនបើអសន្ដិសុខ មិនអាចមានភ្ញៀវទេសចរមកទេ ដូច្នេះសម្ដេចបានកោតសរសើរសមត្ថកិច្ចខេត្តសៀមរាប ដែលធានាបានយ៉ាងល្អប្រសើរ។ ស្ថានភាពកម្ពុជា ឮ១០០០ដង មិនស្មើឃើញមួយដងឡើយ ហើយកម្ពុជាមិនដូចការផ្សាយនៅតាមអនឡាញឡើយ។

សូមជម្រាបថា ការបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ក៏មានវត្តមាន តារាសម្តែងរបស់កម្ពុជា កញ្ញា ស៉ីន យូប៊ីន, តារាសម្តែងរបស់ថៃ កញ្ញា Mai Davika, តារាសម្តែងថៃ Mile Phakphum, តារាសម្តែងសិង្ហបុរី Shawn Thia, តារាសម្តែងសិង្ហបុរី Ayden Sng, តារាចម្រៀងវៀតណាម Ho Ngoc Ha, បវរកញ្ញាហ្វីលីពីន និងជា Miss Univers ២០១៥ ឈ្មោះ Pia Wurtzbach ព្រមទាំងតារាល្បីៗជាច្រើនទៀត មកពីជុំវិញពិភពលោក។

គ្រឿងអលង្ការ ដែលត្រូវតាំងបង្ហាញនៅខេត្តសៀមរាប មានចំនួន ២១៤គ្រឿង ខណៈភ្ញៀវបរទេសមកពីជុំវិញពិភពលោក ដើម្បីចូលរួមព្រឹត្តិការណ៍នេះ មានចំនួន ៤៧០នាក់។

BVLGARI ដែលជាបុត្រម្ព័ន្ធរបស់ក្រុមហ៊ុន LVMH ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ គឺមានអាយុកាល ១៤១ឆ្នាំហើយ ដោយលោកស្រី Sotirios Voulgaris ក្រុងទីក្រុងរ៉ូម។ ១៤១ឆ្នាំក្រោយមក ការតាំងពិព័រណ៍ BLVGARI AETERNA បានប្រារព្ធនៅទីក្រុងរ៉ូម កាលពីខែឧសភា ឆ្នាំ២០២៤ ខណៈកម្ពុជា គឺជាទីកន្លែងនៃការរៀបចំលើកទី៤៕