Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជានាយករដ្ឋមន្ដ្រី បើនិយាយមួយម៉ាត់​ស្មើនឹងបទបញ្ជា (Video inside)

25-02-2025 12:02

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្នកធ្វើការកាន់តែធំ កាន់តែត្រូវគិតរឿងការងារតូចៗឱ្យបានល្អិតល្អន់ ហើយបើក្នុងនាមជានាយករដ្ឋមន្ដ្រី បើនិយាយខុសមួយម៉ាត់ ស្មើនឹងដាក់បទបញ្ជា ហើយបើទៅធ្វើការចរចានៅក្រៅប្រទេសវិញ បើខុសមួយពាក្យ ស្មើនឹងខុសគោលនយោបាយតែម្តង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ South-East Asia ដែលមានអ្នកចូលរួមប្រមាណ ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប។

សម្ដេចមហាបវររធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គេថាអ្នកធំ កុំគិតការងារតូច អត់ត្រូវទេ កាន់តែធំកាន់តែគិតការងារល្អិតរឹតតែសំខាន់ ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំនិយាយខុសមួយម៉ាត់ គឺជាបទបញ្ជារ ហើយមិនបាច់ចាំតែខ្ញុំនោះទេ សូម្បីតែជំនួយការខ្ញុំ បកប្រែភាសាខុស សរសេរ កត់ត្រាពេលជំនួបខុសតែមួយពាក្យ ក៏ពិបាកដែរ តែខ្ញុំធ្លាប់បានប្រាប់ពួកគាត់ហើយថាសរសេរ មួយពាក្យ មួយពាក្យ គឺជាបទបញ្ជា»

សម្ដេចមហាបវររធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា សម្តេចធ្លាប់បានជួបជាមួយអនុអង្គការសហប្រជាជាតិ (UN) ដោយសម្តេចបានថ្លែងថា បណ្ណាសារខ្មែរក្រហមនេះ ថ្ងៃក្រោយនឹងរៀបចំជាស្ថាប័ន​មួយដើម្បីគ្រប់គ្រង ដល់ពេលអ្នកកត់ត្រាទៅជាសរសេរដាក់ថា រៀបចំជាវិទ្យាស្ថានទៅវិញ ហើយនៅពេលបញ្ចេញ​របាយការណ៍នេះ ទៅដល់ទីស្តីការគណរដ្ឋមន្ត្រី ក៏បានយកទៅរៀបចំជាអនុក្រឹត្យ​ដើម្បីបង្កើតជាវិទ្យាស្ថានទៅវិញ ដែលខុសនឹងអ្វីដែលសម្តេចបានថ្លែងតែម្តង។

សម្ដេចមហាបវររធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមទៀតថា បើចេញទៅចរចារនៅក្រៅប្រទេសវិញ គឺរឹតគ្រោះថ្នាក់ណាស់ នៅពេលដែលយើងចេញទៅចរចារ ខុសតែមួយពាក្យ គឺខុសគោលនយោបាយតែម្តង, នៅពេលទៅធ្វើកិច្ចព្រមព្រៀង​ជាមួយបណ្តាប្រទេសមួយៗ ហ៊ានតែយើងខុសមួយពាក្យ គឺពិបាកហើយ ដោយពាក្យការទូតនេះគ្រោះថ្នាក់ណាស់ បើយើងមិនយល់មិនបាននោះទេ បើយើងខុសតែមួយពាក្យ គឺខុសអត្ថន័យតែម្តង ដូចនេះការងារកាន់តែធំ កាន់តែត្រូវគិតឱ្យល្អិត៕