(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់បណ្ដាលបញ្ញាវ័ន្តនៅពេលជួបបញ្ហាប្រឈម កុំបោះបង់ ត្រូវស្វែងរកវិធីដោះស្រាយ ទាំងការសិក្សា និងការងារ ហើយការដែលអាចជោគជ័យបាន លុះត្រាតែយើងមិនយកចិត្តទុកដាក់ខ្លាំងចំពោះពាក្យសម្ដីអ្នកដទៃ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើនាឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប។

ឆ្លៀតនាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី​ បានថ្លែងចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងដែលសម្តេចបានជួប ដើម្បីជាគុណវឌ្ឍិបន្ថែមសម្រាប់និស្សិត បញ្ញាវ័ន្តយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ទាំងក្នុងការសិក្សា និងក្នុងកិច្ចការងារ។

ក្នុងនោះ សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមជានាយករដ្ឋមន្ត្រី មិនខុសប្លែកអ្វីពីបងប្អូននោះទេ គ្រាន់តែខ្ញុំមានទំនួលខុសត្រូវលើការងារ​ច្រើនជាងបងប្អូន ហើយការប្រឈមនឹងការងារនេះ បងប្អូនក៏នឹងជួបផងដែរ...។ អ្វីដែលសំខាន់នៅពេលដែលបងប្អូនជួបបញ្ហា សូមកុំបោះបង់ ត្រូវព្យាយាមរកដំណោះស្រាយ ហើយត្រូវធ្វើជាមនុស្សខ្វះកន្លះកែវពេញទឹក ជាងធ្វើជាមនុស្សទឹកពេញកែវ..»

បន្ថែមពីនេះ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា កុំខ្លាចថាគេនឹងបំពានយើង សំខាន់តើយើងព្រមឱ្យគេបំពានឬទេ ហើយពេលគេបំពានកុំអង្គុយកើតទុក្ខ ត្រូវព្យាយាមធ្វើការងាររបស់ខ្លួនឱ្យបានល្អ បញ្ចេញស្នាដៃរបស់ខ្លួន នេះហើយជាការប្រកាន់ទស្សនៈវិជ្ជមាន។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កុំគិតតែពីបញ្ហា តែរកដំណោះស្រាយ ហើយអ្វីដែលសំខាន់នោះ​ ត្រូវរៀបចំគោលដៅឱ្យបានច្បាស់លាស់ ត្រូវតែជាទិសដៅវិជ្ជមាន ជាពិសេសប្រែក្លាយរឿងអវិជ្ជមានទៅជាថាមពលសម្រាប់យើង​ឱ្យខ្លាំងជាងមុន ហើយកុំចាប់អារម្មណ៍លើសម្ដីវាយប្រហារយើង ពីព្រោះលទ្ធផលជាអ្នកបង្ហាញពីការខំប្រឹងរបស់យើង៕