(ព្រះសីហនុ)៖ អតីតអធិការរងនគរបាលស្រុកស្ទឹងហាវដែលប្រជាពលរដ្ឋស្រលាញ់គ្រប់ៗគ្នាត្រូវបានលោក ឧកញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូត (G.V.T.C Speed Boat) ប្រធានក្រុមសប្បុរសធម៌អូរបី និងសហការី នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ បានយកអំណោយជាថវិការចំនួន ១,០០០ដុល្លារ ទៅជូន លោក គង់ រិន អាយុ៦៣ឆ្នាំ អតីតអធិការរងនគរបាល ស្រុកស្ទឹងហាវ ដែលកំពុងសំរាកព្យាបាលជំងឺសួតធ្ងន់ធ្ងរនៅផ្ទះស្ថិតនៅ ភូមិកំពេញ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងក្នុងឱកាសនោះថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារភ្លាម លោកក៏បានសំរេច ចិត្តដឹកនាំសហការីនាំយកអំណោយជាថវិការនេះមកផ្តល់ជូនភ្លាមៗ ដើម្បីផ្តល់ ជូនក្រុមគ្រួសារអ្នកជំងឺយកទៅ ដោះស្រាយការចំណាយផ្សេងៗ រួមទាំងថ្នាំសង្កូវផងដែរ ។ ត្បិតអីលោកទទួលព័ត៌មានថា ក្រុមគ្រួសារអស់លទ្ធភាព ក្នុងការចំណាយការព្យាបាលជំងឺទៅហើយ ។
ភរិយាលោក គង់ រិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបួងសួងជូនចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបាន លះបង់ទាំងថវិកា និងពេលវេលា នាំយកអំណោយមកផ្តល់ជូនដល់ក្រុមគ្រួសារគាត់ ដែលកំពុងទ័លយ៉ាងខ្លាំងនា ពេលបច្ចុប្បន្ននេះ ត្បិតអីកូនចៅរបស់ពួកគាត់ធ្វើការអោយគេ និងរកស៊ីបានបន្តិចបន្តួច បានយកថវិកាមកព្យាបាល ឪពុករបស់ពួកគេអស់រលីងពីខ្លួនទៅហើយ៕