(កំពង់ស្ពឺ)៖ អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំដល់ក្រុមប្រតិបត្តិទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមខ្នងផ្ទះ របស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត។
នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនលោកយាយ ប៊ុន ផុន អាយុ ១០១ឆ្នាំ រស់នៅក្នុងភូមិច្រេស ឃុំទឹកល្អក់ ស្រុកគងពិសី និងជនងាយរងគ្រោះបំផុតដល់ខ្នងផ្ទះចំនួន ២៣គ្រួសារទៀត រស់នៅក្នុងភូមិចំនួន ១១ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ អគ្គលេខាធិការរងទី២ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយគ្រឿងស្រវឹង អាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូងសរសៃឈាមជាដើម។
ជាមួយគ្នានេះលោក យូ ឡាណា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា នៅទីនេះមានបរិយាសកាសល្អហើយ ប៉ុន្តែសូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ ពីព្រោះជំងឺផ្សេងក៏អាចបណ្តាលមកពីកង្វះអនាម័យផងដែរ។
ជាកិច្ចឆ្លើយតបគ្រួសារទាំង ២៤ខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែគិតគូរយកចិត្តទុកដាក់និង បានចាត់សហការី ចុះមកសួរសុខទុក្ខ ដល់ខ្នងផ្ទះ ដោយមិនប្រកាន់វណ្ណៈ និងមិនទុកនរណាម្នាក់ចោលនោះឡើយ។ ការអញ្ជើញចែកអំណោយមនុស្សធម៌ ជូនជនងាយរងគ្រោះបំផុតតាមខ្នងផ្ទះនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពគ្រួសារងាយរងគ្រោះនីមួយៗ បានច្បាស់លាស់ និងផ្តល់អំណោយមនុស្សធម៌បានចំគោលដៅ អ្នកងាយរងគ្រោះបំផុតពិតប្រាកដ និងទាន់ពេលវេលា។
សម្រាប់អំណោយផ្តល់ជូនគ្រួសារខាងលើនេះ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕