(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រព្រឹត្តនៅសាលសន្និសីទចតុមុខ។
«កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ក៏មានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ភរិយាថ្នាក់ដឹកនាំតាមបណ្ដាក្រសួង-ស្ថាប័ននានា និងប្រជាពលរដ្ឋខ្មែរសាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប។
កម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នារាត្រីនេះ គឺចំថ្ងៃខួបទី៤៦ឆ្នាំ នៃការវិលត្រឡប់ជួបគ្នាសារជាថ្មី នៃសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណង ដើម្បីរំលឹកចងចាំទៅដល់ថ្ងៃដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានវិលត្រឡប់មករួមរស់នៅជួបជុំគ្នា ក្រោយថ្ងៃរំដោះ ៧មករា នៅរាជធានីភ្នំពេញ បន្ទាប់ពីការចាកចេញរបស់សម្តេចតេជោ ទៅកសាងកម្លាំងដើម្បីរួមគ្នាផ្ដួលរំលំរបបអាវខ្មៅ «ព្រាត់ហើយជួបវិញ គូព្រេងមិនព្រាត់ នេះគឺជារឿងដែលនឹកស្មានមិនដល់» ភាពលះបង់ របស់សម្តេចតេជោ ដោយយកជីវិតធ្វើជាដើមទន់ ដើម្បីរំដោះប្រទេសជាតិ បានក្លាយទៅជា ការចងចាំរបស់កូនខ្មែរគ្រប់ៗជំនាន់។
ទន្ទឹមនឹងនោះដើម្បីគូសចង់រំលេចនូវភាពដែលសាមញ្ញ ហើយថ្លៃថ្នូរ នៃសម្លៀកបំពាក់របស់ខ្មែរ ដែលជាកេរ្តិ៍តំណែលវប្បធម៌អរូបី ហើយយើងទាំងអស់គ្នាជាកូនខ្មែរជំនាន់ក្រោយ មានភារកិច្ចថែរក្សា ការពារ លើកតម្កើងឱ្យក្លាយជាសកម្មភាព ជាក់ស្តែង ឱ្យការប្រើប្រាស់កាន់តែពេញនិយមនៅក្នុងចំណោម យុវវ័យ និងប្រជាជនគ្រប់ ស្រទាប់វណ្ណៈ ។នេះបើតាមការបញ្ជាក់របស់លោកស្រី ឡងឌី សាន់ណារ៉ា។
លោកស្រី ឡងឌី សាន់ណារ៉ា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ទៀតថា កម្មវិធីនេះគឺត្រូវបានបែងចែកជាបីវគ្គសំខាន់ៗ ដែលបានបង្ហាញនូវសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាំងពីសម័យឧត្តុង្គរហូតមកដល់បច្ចុប្បន្ន។ ជាពិសេសគឺមានបទចម្រៀងដ៏ពិសេសចំនួន ២បទផងដែរ គឺបទចម្រៀង «គូព្រេងបងអើយ» និងបទចម្រៀង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី»។
ក្នុងនោះក៏មានព្រឹត្ដិការណ៍បង្ហាញម៉ូតសម្លៀកបំពាក់ជាច្រើន រួមទាំងកម្រងវីដេអូឯកសារជាច្រើនវគ្គទៀត ដែលបានបង្ហាញពីសម្លៀកបំពាក់អាហ៍ពិពាហ៍ខ្មែរ ក្រោយសម័យអង្គរ ដោយចាប់ផ្ដើមពីដើមសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងការបង្ហាញម៉ូត «រាត្រីស្រមោសរ សំពត់បត់ខ្មែរ» ដ៏ស្រស់ស្អាតផូរផង់នេះ ដែលបានបង្ហាញដោយតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗប្រចាំកម្ពុជាផងដែរ។
សំពត់បត់គឺជាមរតកវប្បធម៌អរូបី បានក្លាយមកពីសំពត់ស្ត្រីខ្មែរ ដែលចេះស្លៀកតាំងពី មុនសម័យអង្គរ ជាច្រើនសម័យកាលតៗមក ការប្រើប្រាស់សំពត់ មានការវិវត្តផ្លាស់ប្តូរទៅ តាមសម័យកាលដែលឆ្លងកាត់។
លក្ខណៈពិសេសរបស់សំពត់បត់ គឺធ្វើឱ្យអ្នកស្លៀកមានរាង ស្អាត មិនថាអ្នកស្លៀកនោះមានមាឌធំ រឺមានឧមាឌតូច ស្លៀកទៅគឺមើលឃើញមានរាងចង្កេះ មានត្រគាក សំពត់បត់អាចជួយលាក់ក្បាលពោះបានរហូត ៨០% ការស្លៀកសំពត់បត់ បត់ ទៅស្តាំ បត់ទៅឆ្វេង ទៅតាមទម្លាប់ សំពត់បត់ខ្មែរមានសំរុង ជាមធ្យមលើភ្នែកគោ ៤ធ្នាប់ម្រាម ដៃ រួមក្រោមបន្តិច មិនហើបភ្លឺ មិនបះក្រោយ មិនជ្រួញភ្លឺផ្នែកខាងមុខ មិនលៀនផ្នត់ មិនធ្លាក់ ផ្នែកជើងសំពត់ខាងមុខ អាចស្លៀកពីលើអាវបានយ៉ាងស្អាតសមសួន និងអាចប្រើប្រាស់តាម ពេលវេលាក្នុងភាពសាមញ្ញ ស្រគត់ស្រគុំ ថ្លៃថ្នូរ សម្រាប់ប្រជាជនទូទៅអាចប្រើប្រាស់សម្លៀក បំពាក់នេះ ធ្វើកិច្ចការស្រែចំការ រីឯមន្ត្រីរាជការ ថ្នាក់ដឹកនាំ និងរាជវង្សព្រះមហាក្សត្រ។
លើសពីនោះលោកអាចប្រើប្រាស់ជាប្រចាំថ្ងៃ និងសម្រាប់កិច្ចការផ្លូវការផ្សេងៗក្នុងស្ថាប័ន បុណ្យប្រពៃណី និងកម្មវិធីនាពេលរាត្រីជាដើម។ល។
សូមជម្រាបថា «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី១ បានធ្វើឡើងកាលពីដើមខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តម ទីប្រឹក្សាព្រះមហាក្សត្យ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍៕