Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីនគរបាលខេត្តសៀមរាប និងពលរដ្ឋប្រើហិង្សាដាក់គ្នា ត្រូវបានសម្របសម្រួលបញ្ចប់ដោយភាគីទាំងពីរទទួលស្គាល់កំហុសរៀងខ្លួន, តែនគរបាលត្រូវអង្គភាពដាក់ពិន័យ

24-02-2025 22:00

(សៀមរាប)៖ ករណីនគរបាលខេត្តសៀមរាបម្នាក់ និងប្រជាពលរដ្ឋម្នាក់ បានប្រើប្រាស់អំពើហិង្សាដាក់គ្នាផ្ដើមចេញពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចស្ដុបសាលាគ្រួស ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្របសម្រួលបញ្ចប់ដោយភាគីទាំងពីរទទួលស្គាល់កំហុសរៀងៗខ្លួន។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា ករណីហិង្សាស្រាលដែលបានកើតឡើងនេះព្រោះតែភាពទាំងពីរនេះ បើកបរមានជាតិអាកុលក្នុងខ្លួន និងមិនគោរពសិទ្ធិអាទិភាព។ តែយ៉ាងណានៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ករណីខាងលើនេះគូ ភាគីទាំងពីរបានទទួលស្គាល់កំហុសរៀងៗខ្លួន និងបានសម្របសម្រួលគ្នាបញ្ចប់ទំនាស់រួចរាល់។

ចំពោះមន្ដ្រីនគរបាលជាតិ និងប្រជាពលរដ្ឋ ដែលមន្ដ្រីជំនាញចរាចរណ៍ផ្លូវគោក បានរកឃើញជាតិអាកុលនោះ គឺអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអនុវត្តតាមអនុក្រឹត្យលេខ៣៩ ត្រង់មាត្រា១០ លើអ្នកបើកបររថយន្ត និងមាត្រា៦ លើអ្នកបើកបរម៉ូតូ។ លើសពីនេះ មន្ដ្រីនគរបាលជាតិទាំងពីររូបខាងលើ ត្រូវបានលោកឧត្តមសេនីយ៍ស្នងការ ចាត់ក្រុមប្រឹក្សាវិន័យឲ្យពិនិត្យ និងចាត់ចែងតាមបទវិន័យនគរបាលជាតិ៕