(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន បន្តគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន នៅតែជាមិត្តដ៏ល្អរបស់ចិន ហើយចិន នៅតែបន្តយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន។
នាល្ងាចថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក យីន លី (Yin Li) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិនប្រចាំរដ្ឋធានីប៉េកាំង។
សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក យីន លី និងសហការីនាពេលនេះ។ សម្តេចតេជោ ចាត់ទុកដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងគោលនយោបាយសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។
លោក យីន លី ថ្លែងអំណរគុណសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសំដែងការគួរសមក្នុងឱកាសបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា។ លោកក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន ជូនសម្តេចតេជោផងដែរ។
លោក យីន លី បានចាត់ទុកសម្តេចតេជោ គឺជាមិត្តចាស់របស់ថ្នាក់ដឹកនាំចិន និងជាអ្នកនយោបាយជើងចាស់មួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន ព្រមទាំងបានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន។
លោក យីន លី បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ ក្នុងគោលបំណង៖ ១) អនុវត្តកុងសង់ស៊ីសនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ, ២) ពង្រឹងការទុកចិត្តគ្នាទៅវិញទៅមក, ៣) ធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅថ្នាក់ក្រោមជាតិ និង៤) ជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
លោក យីន លី បានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេច កម្ពុជា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើននូវសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងជាបន្តបន្តាប់។
លោក យីន លី បានអះអាងជាថ្មីថា ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគស្មាញយ៉ាងណាក៏ដោយ ចិន នៅតែការគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច។ ចិន គាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះលោក យីន លី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានាធិបតី ស៊ី ជីនពីង និងសូមផ្តាំផ្ញើសេចក្តីនឹករលឹករបស់សម្តេចតេជោ ជូនចំពោះលោក ស៊ី ជីនពីង វិញផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់កម្ពុជា ចិន គឺជាមិត្តដ៏ធំបំផុតជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុត។ កម្ពុជា ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» ។ សម្តេចតេជោ អរគុណមិត្តចិន ដែលគាំទ្រកម្ពុជា ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា រួមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជាកន្លងមក ជំនួយរបស់មិត្តចិនមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ។
សម្តេចតេជោ មានជំនឿយ៉ាងមុតមាំចំពោះមិត្តចិន ក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ក្រោមកម្មវិធី «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលនឹងចូលរួមចំណែកដល់ការផ្លាស់ប្តូរយុវជននៃប្រទេសទាំងពីរ៕