កម្លាំងសម្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសដឹកឈើខុសច្បាប់ រឹបអូសបានឈើ១០០សន្លឹក តែជនល្មើសរត់បាត់ស្រមោល
25-10-2016 17:04
(ក្រចេះ)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយរដ្ឋបាលព្រៃឈើសង្កាត់សណ្ដាន់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសដឹកឈើដឹកឈើខុសច្បាប់ ដោយរឹបអូសបានឈើចំនួន១០០សន្លឹក ជាប្រភេទឈើសុក្រំ ត្រង់ចំណុចផ្លូវចូលក្រុមហ៊ុន តុងមិន ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ តែតាមចាប់ជនពាក់ព័ន្ធមិនទាន់ បាននោះទេ ដោយសារពួកគេបានដឹងខ្លួនមុន ហើយរត់គេចខ្លួចបាត់ស្រមោល។
លោក លីម ចាន់ថា នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ បានឲ្យដឹងថា ឈើទាំងនោះជាប្រភេទឈើសុក្រំ បានអារជាសន្លឹកមានចំនួន១០០សន្លឹក តែមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយ ព្រោះកម្លាំងរបស់លោកកំពុងធ្វើការវាស់វែងមិនទាន់រួច ហើយនៅមិនទាន់ស្គាល់ អត្តសញ្ញាណម្ចាស់ឈើនៅឡើយដែរ ដោយសារឈើត្រូវក្រុមឈ្មួញទម្លាក់ចោលក្បែផ្ទះអ្នកស្រុក ប្រហែលជាពួកគេបានដឹងមុន ក៏រត់គេចខ្លួនបាត់។
លោកនាយសង្កាត់បន្ដទៀតថា ឈើទាំងនោះត្រូវកម្លាំងរដ្ឋបាលព្រៃឈើសណ្ដាន់ ដឹកយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ ហើយកម្លាំងសមត្ថកិច្ចរបស់លោក ក៏បាននិងកំពុងដុតដៃដុតជើង តាមចាប់ជនពាក់ព័ន្ធក្នុងបទល្មើសផងដែរ៕