(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជំនាញសុខាភិបាល មានលោកសាស្ត្រាចារ្យ REMY JULIEN MARIE JOSEPH BRULE លោកស្រីសាស្ត្រាចារ្យ ANNIE JAQUELINE MARGUERITE JEAN LE ROUX លោកស្រី ការ មីកាហ្សែរ វេជ្ជបណ្ឌិតឯកទេសព្យាបាលវិកលវិទ្យា និងលោកស្រីអេង ឡេងស៊ា ប្រធានផ្នែកមន្ទីរពិសោធន៍នៅមន្ធីរពេទ្យកាល់ម៉ែត។
ក្នុងជំនួបពិភាក្សានោះផង លោក អ៊ឹង សិរីវឌ្ឍនា ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអ្នកសម្របសម្រួលបានលើកឡើងនូវការងារមួយចំនួនពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមមាន៖
*ទី១៖ ខិតខំស្រាវជ្រាវវិធីសាស្ត្រថ្មីៗនៃការព្យាបាលអ្នកញៀនគ្រឿងញៀនពីប្រទេសលោកខាងលិចជាពិសេសប្រទេសបារាំង ដើម្បីយកមកអនុវត្តការព្យាលនៅប្រទេសកម្ពុជាយើង
*ទី២៖ ខិតខំស្វែងរកអ្នកដែលមានជំនាញពាក់ព័ន្ធគ្រឿងញៀនដើម្បីជួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀត
*ទី៣៖ សម្របសម្រួល កៀរគរទាំងអ្នកជំនាញនិងជំនួយឧបត្ថម្ភសម្រាប់រៀបចំកិច្ចប្រជុំ សិក្ខាសាលាពាក់ព័ន្ធនឹងសារធាតុញៀន
*ទី៤៖ ស្រាវជ្រាវរកមេរៀន និងឯកសារ ល្អៗ ថ្មីៗពីជុំវិញសកលលោកដើម្បីជួយគាំទ្រខាងផ្នែកបច្ចេកទេសក្នុងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
*ទី៥៖ សិក្សាស្រាវជ្រាវពីវិធីសាស្រ្តនិងឱសថថ្មីៗសម្រាប់ព្យាបាល ស្តារនីតិសម្បទានិងសមាហរណកម្មអ្នកញៀនគ្រឿងញៀនចូលទៅរួមរស់ជាមួយគ្រួសារនិងសង្គមវិញ
*ទី៦៖ ក្រុមការងារមន្ទីរពិសោធន៍នឹងស្រាវជ្រាបន្ថែមទៀតលើវិធីសាស្រ្តវិភាគសារធាតុញៀន ជាពិសេសអាចបន្សាបជាតិពុលមុននឹងយកទៅដុតបំផ្លាញចោល។
ថ្លែងក្នុងនាម លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងសាទរចំពោះការលើកឡើង និងការតាំងចិត្តរបស់ លោក អ៉ឹង សិរីវឌ្ឍនា ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនហើយលោកនឹងសុំគោលការណ៍ទៅលោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីគោរពសុំគោលការណ៍រៀបចំឱ្យមានវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយពាក់ព័ន្ធសារធាតុញៀន៕