(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. CLARK) មេបញ្ជាការកង​ទ័ព​ជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) បានបង្ហាញបំណងចង់​ឃើញទំនាក់ទំនងរវាងកងទ័ពរបស់កម្ពុជា និងអាមេរិក កាន់តែជិតស្និទ្ធជាមួយគ្នា។

បំណងនេះ ត្រូវបានលោក រ៉ូណាល់ ខ្លាក លើកឡើងក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោក រ៉ូណាល់ ខ្លាក បានសម្ដែងក្ដីសោមនស្សរីករាយ​ដែលបាន​អញ្ជើញ​មកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានគោរពជម្រាប​ជូន​សម្ដេច​មហាបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងរូបលោក និងនាយឧត្តម​សេ​នីយ៍ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការកង​ទ័ពជេីងគោក។

លោក រ៉ូណាល់ ខ្លាក ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រជាជន និង​ប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព និងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក ចង់ឃើញការរីកចម្រើនក្នុងទំនាក់​ទំន​ង​នេះ ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ បន្ថែមលើនោះ លោក រ៉ូ​ណាល់ ខ្លាក បានសម្ដែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែល​បានចូល​រួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្ដិភាព តាមរយៈការបញ្ជូនកង​កម្លាំង​ថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេស​មួយចំនួន​លើ​ពិភពលោក។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍​នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក និងគណៈប្រតិភូដែលបាន​បំពេញ​ទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនៃជំនួប​រវាង​បញ្ជាការដ្ឋានកងទ័ពជេីងគោកនៃកងយោធពលខេមរភូមិន្ទ ជាមួយគណៈប្រតិភូ​កងទ័ពជើងគោកសហរដ្ឋអាមេរិក។

សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ រវាងកងទ័ព និងកងទ័ព ក៏ដូចជាការបន្ដកិច្ចសហប្រតិបត្តិការឡេីងវិញលើសកម្មភាព​មួយចំនួនដូចជា ការបណ្ដុះបណ្ដាលជាដេីមនាពេលកន្លងមក បានឆ្លុះបញ្ចាំងពីភាព​រីក​ចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ។

សម្ដេចមហាបវរធិបតីបានថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដែលបានផ្ដល់​ការគាំទ្រ​កម្ពុជាក្នុងសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានគូសបញ្ជាក់ថា «ពីមុនកម្ពុជា ធ្លាប់ជាប្រទេសទទួលយកកងកម្លាំង​រក្សាសន្តិភាពរបស់អង្គការ​សហប្រជា​ជាតិ តែមកដល់បច្ចុប្បន្ននេះ កម្ពុជាបានក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំង​ ដើម្បីចូល​រួមក្នុងបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសលើពិភពលោក»។

ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យកងទ័ពជើងគោក​អា​មេរិក និងបញ្ជាការដ្ឋានកងទ័ពជេីងគោក​ កងយោធពលខេមរភូមិន្ទ​ បន្តទំនាក់ទំនងឱ្យកាន់​តែ​ជិតស្និទ្ធថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព​នៃប្រទេស​ទាំង​ពីរឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក បានអញ្ជើញបំពេញទស្សនកិច្ចនៅ​កម្ពុជា តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក រយៈពេលពីរថ្ងៃ ចាប់​ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ក្រៅពីជួបសម្តែងការគួរសមជាមួយ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត ហើយនោះ លោក ក៏នឹងជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទផងដែរ។

នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ក៏បានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរនឹង​ពិភាក្សា​ស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់ នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួប​លើក​ទី៧៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ហើយក៏ជា​លើក​ទី២ ដែលមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញ​បំពេញទស្សនកិច្ចនៅកម្ពុជា ដែលលើកទី១ គឺដឹកនាំដោយនាយឧត្តមសេនីយ៍ វ៉ីនសេន ប៊ុក (VINCENT BROOKS) នៅក្នុងឆ្នាំ២០១៤៕