(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ សមភាគីទាំងពីរបានអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិក និងបានសាទរអំពីការរីកចម្រើននៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ក្នុងនោះរួមមានវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ប្រឆាំងភេរវកម្ម ថែរក្សាសន្តិភាព ការបោសសម្អាតមីន ការរុករកអដ្ឋិធាតុអតីតយោធាអាមេរិកបាត់ខ្លួន និងកិច្ចសហប្រតិបត្តិការយោធា។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណសហរដ្ឋអាមេរិកដែលសម្រេចបន្តឡើងវិញនូវកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីយោធាកម្ពុជា និងការបន្តផ្តល់ជំនួយដល់វិស័យសកម្មភាពមីននៅប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារសំខាន់នៃជំនួបសន្ទនានៅក្នុងវិស័យការពារជាតិ ដើម្បីកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ព្រមទាំងបានលើកឡើងនូវគោលគំនិតកិច្ចសហប្រតិបត្តិការមួយចំនួន ដើម្បីជំរុញមិត្តភាព ភាពជាដៃគូប្រកបដោយភាពស្ថាបនា តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក។
នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក បានថ្លែងកត់សម្គាល់កិច្ចសហប្រតិបត្តិការយោធាបានងាកមកគន្លងវិជ្ជមាន ដោយមានការផ្លាស់ប្តូរទស្សនកិច្ច ការចូលចតនាវាលើកដំបូងក្រោយពីការខកខានអស់រយៈពេល៨ឆ្នាំ និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។
មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ក៏បានជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក និយាយជារួម កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក និយាយដោយឡែក។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ក៏បានបានពិភាក្សាលើសកម្មភាពកិច្ចសហប្រតិបត្តិការ មួយចំនួនរួមមាន៖ (១) កិច្ចសហប្រតិបត្តិការការងារបោសសម្អាតមីន (២) កិច្ចសហប្រតិបត្តិការរុករកអដ្ឋធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន (៣) ការផ្លាស់ប្តូរបទ ពិសោធន៍ជំនាញ (៤) កិច្ចសន្ទនាកងទ័ពជើងគោក RCA-US LANDFORCE TALK (៥) ពិនិត្យលទ្ធភាពធ្វើជាសហប្រធាន ម្ចាស់ផ្ទះរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងកងទ័ពជើងគោក នៃបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក IPAMS និង (៦) ការរៀបចំឡើងវិញលំហាត់ឆ្មាំអង្គ។រ៕