(ភ្នំពេញ)៖ នៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា និងអង្គការ (GIZ) សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គភាពចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបប្រមាណ ៦០នាក់។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាព ដល់អ្នកចូលរួមឱ្យយល់ដឹងអំពីគោលការណ៍ និងការអនុវត្តនៃការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគិតយុត្ត ដើម្បីបង្កើនល្បឿននៃការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត និងជួយកាត់បន្ថយជាអតិបរមា នូវផលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច ជួយកាត់បន្ថយបន្ទុកចំណាយលើការអនុវត្ត បន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ច និងវិសាលភាពជាន់គ្នាជាដើម។
វិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត (Regulatory Impact Assessment – RIA) ត្រូវបានទទួលស្គាល់ និងអនុវត្តជាយូរណាស់មកហើយ ដោយប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕