(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្តីពីកិច្ចសហប្រតិបត្តិការប្រើប្រាស់សេវានៃគម្រោង ជីប ម៉ុង អេកូសាយខល ប្រកបដោយចីរភាព និងសុវត្ថិភាព ក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងពីកិច្ចសហការរវាងក្រុមការងារ អគរ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បង្រ្កាបទំនិញល្មើសច្បាប់គយនាពេលកន្លងមកមានដូចជា ទំនិញត្រូវបានម្ចាស់សម្រេចប្រគល់ជូនរដ្ឋ ទំនិញមានសាលក្រមសម្រេចរឹបអូសជាសម្បត្តិរដ្ឋ ឬត្រូវបានម្ចាស់បោះបង់ចោល ពុំបានចូលខ្លួនមកដោះស្រាយ និងទំនិញហួសពេលកំណត់ខូចគុណភាពផ្សេងទៀត នាំចូលមករក្សាទុកក្នុងមណ្ឌលសន្និធិគយបណ្តោះអាសន្ន បានក្លាយទៅជាទំនិញគ្មានការទាមទារ ដែលទំនិញទាំងនោះសុទ្ធ តែជាទំនិញត្រូវបានសម្រេចឱ្យកម្ទេចចោល តាមច្បាប់ជាធរមាន។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ស្របតាមការណែនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានថ្មីមួយ ដែលបង្កើតកិច្ចសហប្រតិបត្តិការរវាង អគរ និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក្នុងកិច្ចគាំពារបរិស្ថាន លើការគ្រប់គ្រង និងកម្ទេចទំនិញដែលត្រូវបានបង្រ្កាបបាន ឬត្រូវបាននាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានចាត់ជាទំនិញគ្មានការទាមទារស្របតាមច្បាប់ស្តីពីគយ និងលិខិតបទដ្ឋានគតិយុត្តនៅជាធរមានរួមមាន ទំនិញចម្រុះខូចគុណភាព សារធាតុគីមីខូចគុណភាព និងគ្រោះថ្នាក់ដែលត្រូវបានដកហូតកម្ទេចដោយបច្ចេកវិទ្យាខូប្រូសេសស៊ីង (Co-Processing) ឬបច្ចេកវិទ្យាប្រព្រឹត្តិកម្មប្រកបដោយសុវត្ថិភាពបរិស្ថាន។

លើសពីនេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសង្ឃឹមថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងទទួលបានចំណាប់អារម្មណ៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការបន្តការគាំទ្រដល់ អគរ ក្នុងការបំពេញតួនាទី និងបេសកកម្មរបស់ខ្លួន ជាពិសេស ការពារសុខសុវត្ថិភាពសុខុមាលភាពប្រជាជន និងវិបុលភាពបន្ថែមទៀត។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ព្រមទាំងសហការី ដែលបានចូលរួមសហការល្អ បង្កើតអនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈប្រយោជន៍នេះឡើង។

បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្តីពីកិច្ចសហប្រតិបត្តិការប្រើប្រាស់សេវានៃគម្រោង ជីប ម៉ុង អេកូសាយខល៕