(វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាជាន់ខ្ពស់ចំនួន ៩នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោកស្តីពីតំបន់មេគង្គ នៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៦នេះ។ ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីលោកនាយករដ្ឋមន្រ្តី វៀតណាម ង្វៀន សួនហ្វ៊ុក និង លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីសូលីត ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និង លោកឧបនាយករដ្ឋមន្រ្តី សុំឃីត ចាទុស្រ៊ីភីថាក ក្រោមការសម្របសម្រួលពី Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ WEF និង លោក Rick Samans។
ក្រៅពីនោះ ក៏មានការចូលរួមពីប្រមុខដឹកនាំប្រទេស គឺមានមន្រ្តីពីប្រទេសក្នុងតំបន់ទន្លេមេគង្គទាំង៥ ក្រុមហ៊ុនឯកជន អង្គការអន្តរជាតិសភាពាណិជ្ជកម្ម ដែលក្នុងនោះគឺមានសភាពពាណិជ្ជកម្មកម្ពុជា ចំនួន១០រូបចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំនោះប្រមុខដឹកនាំនៃប្រទេសតំបន់មេគង្គទាំង៥ បានបញ្ជាក់បង្ហាញនូវសក្តានុពលភាពទាំងឡាយដែលប្រទេសនីមួយៗអាចរួមសហការគ្នា ដើម្បីជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកលូតលាស់ខ្លាំងឡើងនៅតំបន់មេគង្គ។ ជាពិសេសនោះ គឺប្រទេសតំបន់ទន្លេមេគង្គទាំងនេះ ស្ថិតនៅ ចន្លោះមហាអំណាចសេដ្ឋកិច្ចធំៗ២គឺចិន និងឥណ្ឌា ជាមួយច្រកចេញទៅសមុទ្រដែលផ្សាភ្ជាប់ទៅនឹងសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោកបានយ៉ាងទូលាយ។
ក្នុងនោះ ប្រទេសជាដៃគូទាំង៥ក៏បានលើកឡើងផងដែរអំពីកិច្ចសហការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ផ្លូវទឹក អាកាស និងការជំរុញ បច្ចេកវិទ្យា ឌីជីថល ដើម្បីជួយពន្លឿនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ កំណើនប្រជាជននៃប្រទេសទាំង៥នៅឆ្នាំ ២០៣០ គឺប្រមាណ២៦០លាននាក់ ដែលសម្បូរ ទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល ក្នុងការជំរុញបណ្តាញផលិតកម្ម ឧស្សាហកម្ម ដែលបែងចែកនូវផលប្រយោជន៍សមស្របដល់ប្រទេស ជាដៃគូក្នុងតំបន់មេគង្គទាំងមូល។
គួរបញ្ជាក់ថា វេទិកា WEF រសៀលនេះបានបង្កើន និងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសដៃគូក្នុងតំបន់មេគង្គទាំង៥មាន ឱកាស ដើម្បីរៀបចំគម្រោងយុទ្ឋសាស្រ្តសំខាន់ៗនានាក្នុងការជំរុញការ អភិវឌ្ឍប្រទេសអោយរីកចម្រើនទៅមុខទន្ទឹមគ្នា គឺមិនត្រូវទុកឲ្យ ប្រទេសដៃគូណាមួយ ចោលនៅពីក្រោយឡើយ។សម្រាប់វេទិកា WEF ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៅខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ៕