(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញសកម្មជននយោបាយប្រឆាំងជ្រុលនិយមមួយចំនួន ដោយមានការលើកទឹកចិត្តពីមេដឹកនាំបក្សនយោបាយជ្រុលនិយម និងការចូលរួមផ្សព្វផ្សាយពីសារព័ត៌លម្អៀងទៅរកក្រុមប្រឆាំង បានព្យាយាមផ្សព្វផ្សាយព័ត៌មានថែមគ្រឿង និងការវិភាគបែបបំភាន់ ដែលប្រាសចាកការពិត ដើម្បីបង្កើតឱ្យមានការយល់ច្រឡំក្នុងពីមហាជន ជុំវិញទំនាក់ទំនង និងឥរិយាបថរបស់កម្ពុជាជាមួយប្រទេសភូមិផងរបងជាប់គ្នា។

ដូច្នេះដើម្បីផ្តល់សច្ចភាពប្រវត្តិសាស្ត្រ និងផ្តល់នូវមូលដ្ឋានដើម្បីត្រិះរិះពិចារណា ខ្ញុំសូមចូលរួមរំលេចដោយសង្ខេបតាមរយៈអត្ថបទខ្លីមួយនេះ ដូចខាងក្រោម។

ជាបឋមចូរយើងក្រឡេកមើលក្រោយបន្តិច…ប្រវត្តិសាស្ត្របានផ្តល់មេរៀនដ៏ជូរចត់បំផុតដល់កម្ពុជាជាមួយនិងមហាសោតនាដកម្ម ការកាប់សម្លាប់រង្គាល និងការបំផ្លិចបំផ្លាញហេត្ថារចនាសម្ព័ន្ធគ្រឹះ ជាពិសេសធនធានមនុស្សដែលជាសសរស្តមរបស់ប្រទេសជាតិ នៅក្នុងរបបវាលពិឃាតខ្មែរក្រហម ក្រោមការដឹកនាំរបស់ ប៉ុល ពត អៀង សារី និង ខៀវ សំផន។

បើយើងក្រឡេកមើលទៅក្រោយបន្តិចទៀត យើងអាចនៅចាំបានថារបបដឹកនាំដោយ លន់ ណុល សិរីមតៈ ក៏ជាដើមហេតុដែលបានរុញច្រានកម្ពុជា ឱ្យរអិលធ្លាក់ទៅក្នុងជ្រោះវិសាសកម្ម ដោយផ្តើមចេញពីការធ្វើរដ្ឋប្រហាទម្លាក់សម្តេចព្រះបាទ នរោត្តម សីហនុ និងយុទ្ធនាការព្រៃផ្សៃដោយសម្លាប់ជនជាតិ វៀតណាម បណ្តែតទឹកដើម្បីបង្ខំឱ្យជនជាតិវៀតណាមចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល៤៨ម៉ោង ដែលនេះត្រូវបានគេមើលឃើញថាជាវិធាន និងសកម្មភាពអមុនស្សធ័ម៌បំផុត។

ជាការពិតណាស់ថាគ្មានប្រទេសណាមួយចង់ឱ្យជាតិសាសន៍ដ៏ទៃ មករស់នៅលើទឹកដីរបស់ខ្លួនខុសច្បាប់នោះឡើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី បញ្ហានេះគឺជាបញ្ហាភូមិសាស្ត្រនយោបាយ ដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រ ដែលពាក់ព័ន្ធទៅនឹងមនោគមវិទ្យានៃប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលប្រណាំងប្រជែងគ្នារវាងនិន្មាការសរីនិយម និងនិន្មាការគុម្មុយនិយនិយម នាយុគសម័យក្រោយសង្គ្រាមលោកលើកទី២ ដែលបានជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលមកលើប្រទេសកម្ពុជា និងប្រទេសនៅជុំវិញតំបន់ទន្លេមេគង្គ។
និយាយឱ្យងាយយល់គឺពេលនោះប្រទេសមហាអំណាច បានប្រើប្រាស់ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យអនុវត្តន៍យុទ្ធនាការ និងសកម្មភាពដែលបម្រើឱ្យនិន្នាការនយោបាយរបស់ខ្លួនជាថ្នូរទៅនឹងជំនួយហិរញ្ញវត្ថុ សម្ភារៈ និងយោធារជាដើម។ល។ ឧទាហរណ៍ជាក់ស្តែងគឺរបប លន់ ណុល ទទួលការជួយឧបត្ថម្ភពីសហរដ្ឋអាមេរិក ហើយយកអាមេរិកធ្វើជាខ្នងបង្អែក។

បន្ថែមពីនេះ បើយើងសិក្សាអំពីប្រវត្តិសាស្ត្រថយក្រោយបន្ថែមទៀតពោលគឺក្នុងរង្វង់ប្រមាណ៥០០ឆ្នាំ យើងអាចដឹងបានថាកម្ពុជាបានឆ្លងកាត់អស្ថេរភាព ទំនាស់បែកបាក់សាមគ្គីជាតិ សង្គ្រាមស៊ីវិល ការបែងចែកទឹកដី និងចម្បាំងរាំងជល់ជាមួយប្រទេសជិតខាង ដែលធ្វើឱ្យកម្ពុជាប្រែក្លាយពីចក្រភព ដ៏រឹងមាំប្រកបដោយអំណាចដ៏មហិមា ទៅជាប្រទេសទន់ខ្សោយ បណ្តោយឱ្យប្រទេសជិតខាងឆ្លៀតឱកាសវាយប្រហារ ដណ្តើមទឹកដី និងព្យាយាមត្រួតត្រាលើផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ទាំងអស់នេះជាប្រវត្តិសាស្ត្រ និងជាតដ្ឋភាពពិតនៃប្រទេសកម្ពុជាយើង នាពេលអតីតកាល។

ទោះជាយ៉ាងនេះក្តី ក្រោយទទួលរងនូវវិនាសកម្ម ហានិភ័យ និងការប្រឈមជាច្រើនដូចបានរៀបរាប់ខាងលើ កម្ពុជាដ៏កំសត់នៃយើង ក៏មានភព្វសំណាងផងដែរនៅពេលដែលមានកំពូងឥស្សរជនខ្មែរមួយរូបដែលមានរិទ្ធិចេសតា និងឆន្ទៈមោះមុត ហ៊ានយកជីវិតមកប្តូរដើម្បីរំដោះប្រទេស និងសង្គ្រោះជីវិតពលរដ្ឋខ្លួន ដែលកំពុងប្រឈមនឹងមហន្តរាយ ដែលអាចឈានទៅរកការបាត់បង់ពូជសាសន៍ នៅក្នុងយុគ្គសម័យប្រល័យពូជសាសន៍ខ្មែរក្រហម។ កំពូលឥស្សរៈជននោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព ជាបិតាស្ថាបនាជាតិ និងជាវីរៈបុរសខ្មែរដែលកុលបុត្រគ្រប់ជំនាន់ត្រូវតែចងចាំ។

ជាសក្ខីភាព យើងទាំងអស់គ្នាដែលនៅរស់រានមានជីវិយនៅឡើយបានដឹងយ៉ាងច្បាស់ថា គឺក្រោមការដឹកនាំដ៏ឈ្លាសវ័យ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានផ្លាស់ប្តូរពីវាលពិឃាត និងពីគោលដៅនៃការដណ្តើមយកទឹកដីពីសំណាក់ប្រទេសជិតខាង មកជារម្មនីយដ្ឋានដ៏ប្រពៃនៃមនុស្សជាតិ និងជាថ្នាលបណ្តុះឡើងវិញនូវពូជសាសន៍ខ្មែរដែលមានបុព្វបុរសស្ថាបនិកនៃចក្រភពខ្មែរ ជាអ្នកសាងសង់វិមានអច្ឆរិយគឺប្រាសាទអង្គវត្តនៃយើង។

ជាការពិតមិនអាចប្រកែកបាន សម្តេចតេជោ ហ៊ុន សែន ពិតជាបានប្រើអស់កម្លាំងកាយចិត្តអស់រយៈពេលជិត ៥០ ឆ្នាំដើម្បីស្តារ និងស្ថាបនាកម្ពុជាឡើងវិញពីចំណុចក្រោមសូន្យ ដោយផ្តោតលើការសាងសង់សាលារៀន ដើម្បីបណ្តុះធនធានមនុស្ស កសាងហេត្ថារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន ថាមពលអគី្គសនី មន្ទីរពេទ្យ ស្ថាប័នជាតិដើម្បីបម្រើដល់រដ្ឋបាល និងសេវាសាធារណៈ និងជាពិសេសបានបង្កើតនូវរួបមន្តឈ្នះៗ ដែលអាចបង្ករលក្ខណៈឱ្យកម្ពុជាអាចធានាបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការជឿទុកចិត្តពីសំណាក់តួអង្គជាតិ និងអន្តរជាតិរួមទាំងអ្នកវិនិយោគមកពីគ្រប់ទិសទីនៅលើសកលលោក។

ជាក់ស្តែងធនាគារពិភពលោកបានចេញរបាយកាណ៍អំពីអាត្រាកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា ជាង ១០% រយៈពេលជាង ១០ឆ្នាំ និងជាមធ្យមក្នុងរង្វង់ ៧% នៅក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ ដែលបានរំលេចកម្ពុជា យ៉ាងខ្ពស់ត្រដែត ក្នុងក្រសែភ្នែកពាណិជ្ជករ និងអ្នកវិនិយោគបរទេស។ ទាំងអស់នេះគឺគេអាចវាស់វែងបានតាមរយៈសមិទ្ធផលនានា ដូចជាហេត្ថារចនាសម្ព័ន្ធរូបវន្ត ធនធានជាតិ និងជាពិសេសធនធានមនុស្សរបស់កម្ពុជា ដែលបច្ចុប្បន្នកំពុងត្រូវបានផ្តល់ឱកាស និងគាំទ្រឱ្យដឹកនាំ និងចាត់ចែងកិច្ចការប្រទេសជាតិ ក្នុងនាមជា អ្នកបន្តវេន ក្រោមការដឹកនាំប្រកបដោយថាមពល ភាពឈ្លាសវៃ ច្នៃប្រឌិតខ្ពស់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយនិងគណៈរដ្ឋមន្ត្រីដែលសុទ្ធតែជាបញ្ញវន្តខ្មែរដែលបានឆ្លងកាត់ការសិក្សាអប់រំពីគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ និងដែលបានឆ្លងកាត់ការហ្វឹកហាត់ត្រឹមត្រូវនាពេលកន្លងមក។

ដើម្បីវាយតម្លៃថាតើកម្ពុជាបច្ចុប្បន្នមានឥរិយាបថត្រឹមត្រូវ ឬយ៉ាងណាជាមួយនឹងប្រទេសជិតខាង យើងគប្បីឆ្លុះមើលកត្តា៥យ៉ាងរួមមាន ១)ប្រវត្តិសាស្ត្រដែលបង្ហាញយើងយ៉ាងច្បាស់អំពីតថភាព និងលទ្ធផលនៃឥរិយាបថខុសឆ្គង ឧទាហរណ៍ដូចឥរិយាបថរបស់ លន់ ណុល ដែលខ្ញុំបានរៀបរាប់ខាងលើ ២)សមិទ្ធផលជាង៤០ឆ្នាំកន្លងទៅ ៣)សក្តានុពលរបស់កម្ពុជានាពេលបច្ចុប្បន្ន និងតទៅអនាគត ៤)សមត្ថភាពជាក់ស្តែងរបស់កម្ពុជាក្នុងការរក្សាគោលជំហររឹងមាំដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន និង ៥)ទំនាក់ទំនតការទូតស្មើមុខស្មើមាត់នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ម្យ៉ាងទៀត និងនិយាយឱ្យងាយយល់ គឺថាកម្ពុជាត្រូវធ្វើជាមិត្តជាមួយប្រទេសជិតខាង ត្បិតខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការកសាងសមត្ថភាពរបស់ខ្លួន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងយោធា ដែលត្រូវការពេលវេលាសមស្រប ពោលគឺកម្ពុជាមិនអាចមានឥរិយាបថក្រអឺតក្រទមជាមួយប្រទេសជិតខាងបានឡើយ។ ដូច្នេះយើងអាចមើលឃើញយ៉ាងច្បាស់ថាថា្នក់ដឹកនាំកម្ពុជាបាន និងកំពុងប្រកាន់យកនូវឥរិយាបថដ៏ត្រឹមត្រូវបំផុតជាមួយប្រទេសជិតខាងដែលមានភូមិផងរបងជាប់គ្នាជាមួយយើង ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន និងទំនាក់ទំនងទ្វេភាគី ក៏ដូចជាពហុភាគី ដើម្បីផលចំណេញទៅវិញទៅមកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាពិសេសរក្សានៅភាពសុខដុមជៀសវាងទំនាស់ ដែលនាំទៅរកការខាតបង់នានា។

រីឯការរិះគន់ និងការអះអាងរបស់ក្រុមប្រឆាំងជ្រុលនិយមដែលមានចរិតច្រណែននិន្ទា និងញុះញង់គឺស្តែងឱ្យឃើញកាន់តែច្បាស់នូវចេតនាទុច្ចរិត និងភាពអគតិ លាយឡំនិងគំនុំផ្ទាល់ខ្លួន ដែលមានចេតនាបង្ករឱ្យមានការភាន់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ និង់ចង់រុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងមហន្តរាយសាជាថ្មីម្តងទៀត តាមរយៈការដុតបញ្ឆេះកំហឹងបែបជាតិនិយមជ្រុល ដែលអាចប្រែក្លាយទៅជាភាពជ្រុលនិយម ដែលទង្វើទាំងនេះពលរដ្ឋខ្មែរទូទៅមិនអាចទទួលយកបានជាដាច់ខាត។
ប្រាកដណាស់ថាជនជ្រុលនិយមទាំងអស់នោះត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈបានកត់សម្គាល់ និងឈប់គាំទ្រ ធ្វើឱ្យខ្លួនបរាជ័យម្តងហើយម្តងទៀតរកទីបំផុតគ្មាន។

ព្រាប កុល
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី