(សៀមរាប)៖ លោក Jeffery Hang នាយកគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុនគ្រឿងអលង្ការ BVLGARI បានអរគុណលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១កម្ពុជា ដែលជួយឲ្យព្រឹត្តិការណ៍តាំងពិព័រណ៍គ្រឿងអលង្ការកម្រិតពិភពលោក BVLGARI AETERNA អាចរៀបចំឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ព្រឹត្តិការណ៍តាំងពិព័រណ៍ BVLGARI AETERNA មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសៀមរាប។ ជាមួយគ្នានេះ BVLGARI នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ដើម្បីបង្ហាញម៉ូតគ្រឿងអលង្ការរបស់ខ្លួន នៅមុខប្រាសាទបាយ័នផងដែរ ដែលកម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមជាភ្ញៀវពិសេសដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
លោក Jeffery Hang បានថ្លែងអំណរគុណដល់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានណែនាំ BVLGARI ដើម្បីស្វែងរកលទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍នេះ កាលពី ១ឆ្នាំមុន។
ក្នុងបទសម្ភាសផ្តាច់មុខជាមួយបណ្តាញព័ត៌មាន Fresh News លោក Jerrery Hang បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហេតុអ្វីបានជាជ្រើសរើសសៀមរាប ប្រទេសកម្ពុជា? ជាការពិត ខ្ញុំសូមអរគុណយ៉ាងក្រៃលែងដល់ស្ត្រីទី១ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញពួកយើង ក្នុងការស្វែងរកលទ្ធភាពរៀបចំព្រឹត្តិការណ៍នេះ។ ដូច្នេះ វាមានរយៈពេល ១ឆ្នាំហើយ ដែលយើងបានសន្ទនាជាមួយគ្នា។ ឥលូវនេះ ៣៦៥ថ្ងៃក្រោយមក ការកំណត់ដ៏អស្ចារ្យក៏បានកើតឡើង»។
លោកនាយកបានបង្ហាញភាពជឿជាក់ថា តម្លៃនៃ BVLGARI ជាពិសេសគ្រឿងអលង្ការទាំងអស់ ដែលត្រូវបានដាក់ឈ្មោះថា «AETERNA» ដែលមានន័យថា អមតៈ មានការផ្សាភ្ជាប់គ្នាយ៉ាងរឹងមាំ ជាពិសេសដែលតំណាងឲ្យខេត្តសៀមរាបរួមទាំងអង្គរវត្ត។ ដូច្នេះ លោកជំទាវ គឺជាអ្នកដែលអាចនាំយកអតិថិជនរបស់ BVLGARI នូវភាពល្អឯក និងគោលដៅដ៏អស្ចារ្យ។
លោកបានបន្តថា BVLGARI AETERNA បាននាំយកគ្រឿងអលង្ការ ២១៤គ្រឿង មកតាំងពិព័រណ៍។ ជាថ្មីម្តងទៀត ការជ្រើសរើសរៀបចំការតាំងពិព័រណ៍នៅកម្ពុជា គឺសម្រាប់អតិថិជនកម្ពុជា និងពិភពលោក ដែលមកពីជប៉ុន កូរ៉េ អឺរ៉ុប អាស៊ាន អូស្ត្រាលី ជាដើម។ លោកបានចាត់ទុកថា វាជាការបង្ហាញពួកគេនូវភាពដ៏អច្ឆរិយៈនៃសៀមរាប-អង្គរ ហើយជាមួយគ្នានេះ គឺដើម្បីបង្ហាញគ្រឿងអលង្ការ។ លោកបានគិតថា វានឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ។
បើតាមលោក Jeffery Hang បានឲ្យដឹងដែរថា BVLGARI AETERNA ក៏មានវត្តមាន តារាសម្តែងរបស់កម្ពុជា កញ្ញា ស៉ីន យូប៊ីន, តារាសម្តែងរបស់ថៃ កញ្ញា Mai Davika, តារាសម្តែងថៃ Mile Phakphum, តារាសម្តែងសិង្ហបុរី Shawn Thia, តារាសម្តែងសិង្ហបុរី Ayden Sng, តារាចម្រៀងវៀតណាម Ho Ngoc Ha, បវរកញ្ញាហ្វីលីពីន និងជា Miss Univers ២០១៥ ឈ្មោះ Pia Wurtzbach ព្រមទាំងតារាល្បីៗជាច្រើនទៀត មកពីជុំវិញពិភពលោក។
BVLGARI ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ គឺមានអាយុកាល ១៤១ឆ្នាំហើយ ដោយលោកស្រី Sotirios Voulgaris ក្រុងទីក្រុងរ៉ូម។ បើតាមលោក Jeffery Hang ការតាំងពិព័រណ៍ BLVGARI AETERNA បានរៀបចំចំនួន៤លើកហើយ ហើយលើកទី៤នេះ គឺរៀបចំឡើងនៅខេត្តសៀមរាបអង្គរ របស់កម្ពុជា៕