(ភ្នំពេញ)៖ ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៥ គឺជាថ្ងៃគំរប់ខួបបីឆ្នាំគត់នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននាទឹក ដីភាគខាងកើត។ ខណៈសង្គ្រាមនៅមិនទាន់បានបញ្ចប់ និងកំពុងស្ថិតក្នុងដំណាក់កាល ដែលអ៊ុយក្រែនកំពុងប្រឈមការបាត់បង់ទឹកដីផង និងទ្រព្យសម្បត្តិជាធនធានរ៉ែក្រោមដីផងទៀតនោះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតមួយ ក្នុងការសម្រេចចិត្តលើវាសនាអនាគតនៃប្រទេសជាតិរបស់ខ្លួន។

Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយជុំវិញស្ថានការណ៍នេះ៖

នៅពេលដែលអ៊ុយក្រែន បានឈានដល់ខួបគម្រប់បីឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីនាទឹកដី ភាគខាងកើតនោះ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ កំពុងស្ថិតក្នុងសភាពវិវឌ្ឍនមិនទាន់ច្បាស់លាស់មួយ ជាមួយនឹងការបង្ខំឱ្យមានដំណើររកការចរចាមួយដើម្បីបញ្ឈប់សង្គ្រាម ប៉ុន្តែបែរជាភាគីអ៊ុយក្រែន ដែលរងគ្រោះពិតប្រាកដនោះ ត្រូវបានគេផាត់ចោលក្នុងកិច្ចពិភាក្សារកសន្តិភាពដ៏ពេញលេញមួយនោះទៅវិញ។ នៅក្នុងសប្តាហ៍នេះ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីអង់គ្លេស នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីព្យាយាមអូសទាញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ងាកជំហរមករួមគ្នាគាំទ្រអ៊ុយក្រែន ដើម្បីបន្តប្រឆាំងនឹងរុស្ស៊ីវិញ ខណៈដែលនយោបាយអាមេរិក ក្រោមការកាច់ចង្កូតរបស់លោក ដូណាល់ ត្រាំ ប្រមាណ៣៥ថ្ងៃរួចមកនេះ បានធ្វើឱ្យនយោបាយរៀបចំទុករបស់អតីតរដ្ឋបាលលោកចូបៃដិន បានវិលក្រឡាប់ចាក់អស់ទាំងស្រុង។

សង្គ្រាមបីឆ្នាំរួចមកនេះ ទឹកដីប្រមាណ ១ភាគ៥ របស់អ៊ុយក្រែននាភាគខាងកើត កំពុងប្រឈមនឹងការបាត់បង់ និងអ៊ុយក្រែនក៏កំពុងប្រឈមនឹងការបង្ខំរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ៥០០ ពាន់លានដុល្លារអាមេរិក ដែលជាធនធានទ្រព្យសម្បត្តិរ៉ែក្រោមដី នៃភោគទ្រព្យដូនតាជាតិសាសន៍របស់អ៊ុយក្រែនខ្លួនឯង ដើម្បីតែការដោះបំណុលសងរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះថែមទៀត។ បើសិនជាកិច្ចព្រមព្រៀងនោះ មានបញ្ចូលការធានាច្បាស់លាស់នូវកិច្ចការពារសន្តិសុខដល់ប្រទេសអ៊ុយក្រែន ដោយធានាថានឹងលែងរងការឈ្លានពានពីរុស្ស៊ី ដោយច្បាស់លាស់នោះវានឹងទំនងនឹងអាចបើកច្រកចេញទៅបាន ប៉ុន្តែលោកហ្សេឡិនស្គី បានមើលឃើញថា កិច្ចព្រមព្រៀងនោះនៅមិនទាន់មានការចែង ច្បាស់លាស់នៅឡើយ។ វេលាចុងក្រោយនេះទៀត លោក ហ្សេឡិនស្គី ថែមទាំងនិយាយថា លោកហ៊ានបោះ បង់ចោលនូវតំណែងជាប្រធានាធិបតីអ៊ុយក្រែនថែមទៀត ដើម្បីជាថ្នូរនៃសមាជិកភាពអង្គការណាតូ ដែលជាអាវក្រោះមួយ នឹងអាចទប់ស្កាត់រុស្ស៊ីមិនឱ្យឈ្លានពាន ក្នុងពេលអនាគត។

*លោក ហ្សេឡិនស្គី ថ្លែងថា៖ លោកមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលតម្រូវឱ្យមនុស្សជំនាន់ក្រោយអ៊ុយក្រែន ១០ជំនាន់ត្រូវសងជំនួសឡើយ

លោក Volodymyr Zelenskyy បានថ្លែងថា លោកនឹងមិនឱ្យរូបលោកធ្លាក់ចូលក្នុងសម្ពាធដ៏ខ្លាំង នៃល្បែងនយោបាយជំនួញរបស់សហរដ្ឋអាមេរិកក្នុងការបង្ខំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ៥០០ ពាន់លានដុល្លារឡើយ។ ប៉ុន្តែលោក ហ្សេឡិនស្គី នៅតែថ្លែងថា លោកចង់ឱ្យ Donald Trump ឈរនៅខាងអ៊ុយក្រែនវិញ នៅក្នុងការចរចាណាមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kyiv នៅមុនថ្ងៃចន្ទទី២៤ កុម្ភៈ ដែលរំលឹកខួបគម្រប់បីឆ្នាំនៃអំពើលុកលុយឈ្លានពានរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន, លោក Zelenskyy បាននិយាយថា លោកមិនទទួលស្គាល់នូវចំនួនទឹកប្រាក់ ដែលទាមទារដោយសហរដ្ឋអាមេរិកថាជា «ការសងត្រលប់» វិញសម្រាប់ជំនួយយោធាអាមេរិកនោះឡើយ។

លោក ហ្សេឡិនស្គី បាននិយាយថា តួលេខទារលុយរបស់សេតវិមាននេះ គឺខ្ពស់ជាងការរួមចំណែកខាងជំនួយយោធាពិតប្រាកដរបស់សហរដ្ឋអាមេរិក ដែលមានចំនួនប្រមាណ ១០០ ពាន់លានដុល្លារតែប៉ុណ្ណោះ។ លោក ហ្សេឡិនស្គី បាននិយាយបញ្ជាក់ទៀតថា ពេលនោះភាគីទាំងពីររបស់សហរដ្ឋអាមេរិក គឺទាំងភាគីក្នុងសភា និងប្រធានាធិបតីរបស់លោក Joe Biden បានអនុម័តការគាំទ្រដល់អ៊ុយក្រែននេះ បន្ទាប់ពីមានអំពើវាយប្រហាររបស់រុស្ស៊ី។

មេដឹកនាំ អ៊ុយក្រែនដដែលនិយាយថា ការរួមចំណែកយោធារបស់សហរដ្ឋអាមេរិកនោះ ត្រូវបានគេចាត់ទុកថាវាជា «ជំនួយ» ជាជាង «បំណុល» ដែលត្រូវតែសង។ មេដឹកនាំអ៊ុយក្រែន បានថ្លែងកត់សម្គាល់ថា វាហាក់ដូចជារាល់ ១ដុល្លារ នៃជំនួយយោធារបស់អាមេរិកនោះ គឺតម្រូវឱ្យអ៊ុយក្រែននាអនាគតត្រូវសងវិញ ២ដុល្លារជាមួយនឹងអត្រាការប្រាក់១០០%។ លោកបានដាក់សំណួរថា ហេតុអ្វីលក្ខខណ្ឌដូចគ្នានេះ មិនត្រូវបានអនុវត្តចំពោះអ៊ីស្រាអែល ប្រទេសអារ៉ាប់អេមីរ៉ាត ប្រទេសកាតា ឬប្រទេសអារ៉ាប៊ីសាអ៊ូឌីត?

លោកហ្សេឡិនស្គី បានថ្លែងថាលោកបានស្នើសុំរកការពន្យល់នេះដែរ ប៉ុន្តែលោកមិនទទួលបានចំពោះចម្លើយនោះទេ។ លោក ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃអាទិត្យទី២៣ កុម្ភៈថា បញ្ហារឿងកុងត្រា តម្លៃ ៥០០ពាន់លានដុល្លារ នឹងមិនមានតទៅទៀតទេ ពីព្រោះការជួយរបស់សហរដ្ឋអាមេរិក ត្រូវគេចាត់ទុកថាជាផ្នែកនៃជំនួយមិនមែនបំណុលឡើយ។ សម្តីអះអាងរបស់លោក ហ្សេឡិនស្គី លើការមិនចុះហត្ថលេខាលើកុងត្រាកិច្ចសន្យានេះ ត្រូវគេរាយការណ៍ថា កាន់តែធ្វើឱ្យមន្ត្រីរដ្ឋបាលលោក ដូណាល់ ត្រាំ បង្កើនសម្ពាធកាន់តែខ្លាំងដើម្បីបង្ខំឱ្យកុងត្រាកិច្ចសន្យានោះលេចចេញជារូបរាង។ លោក ហ្សេឡិនស្គី បានថ្លែងថា «ខ្ញុំមិនចុះហត្ថលេខាលើអ្វីមួយ ដែលប្រជាជនអ៊ុយក្រែន ១០ជំនាន់ នឹងចំណាយសងក្នុងពេលអនាគតនោះទេ»

*លោក ហ្សេឡិនស្គី ពីល្បែងនយោបាយធ្វើសង្គ្រាម ធ្លាក់មកដល់ល្បែងនយោបាយសេដ្ឋកិច្ច

លោក Zelenskyy បានទទូចថា លោកចង់បានទំនាក់ទំនងល្អ និងជាមិត្តភាព ជាមួយសហរដ្ឋអាមេរិកដែលជា «ដៃគូយុទ្ធសាស្ត្រ» ហើយលោកបានទាត់ចោលនូវអ្វីដែលលោក ដូណាល់ត្រាំ បានហៅរូប លោកថាជា «ជនផ្តាច់ការ» ដោយសារតែការមិនបានរៀបចំការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាម។ ថ្លែងក្នុងសន្និសីទកាសែត លោកបានថ្លែងថា «ហេតុអីក៏ខ្ញុំត្រូវខឹងនឹងសម្តីនោះ?» លោក ហ្សេឡីនស្គី បាននិយាយថា បើសិនជាលោកជាជនផ្តាច់ការមែន លោកពិតជានឹងត្រូវខឹងដោយសារតែសម្តី ដែលគេហៅលោកថាជាជនផ្តាច់ការនោះហើយ។

លោក ហ្សេឡិនស្គី ថែមទាំងនិយាយបង្ហាញចង់ឱ្យលោក ដូណាល់ ត្រាំ បានមើលឃើញទៀតថា រូបលោក បានឈ្នះលើការបោះឆ្នោតកាលពីឆ្នាំ២០១៩ នៅអ៊ុយក្រែននោះ ជាមួយនឹងសម្លេងឆ្នោតគាំទ្រ ៧៣%។ លោក ហ្សេឡិនស្គី ថ្លែងបន្តថា បើសិនជាមានការបោះឆ្នោតក្នុងពេលមានសង្គ្រាមវិញនោះ វាគឺជាទង្វើប្រឆាំងនឹងច្បាប់អាជ្ញាសឹកវិញនោះទេ។ ការបញ្ជាក់នេះ មានន័យថាអ្វីដែលលោក ដូណាល់ ត្រាំ ចោទថាលោកជាជនផ្តាច់ការដោយសារមិនបានធ្វើការបោះឆ្នោតក្នុងពេលប្រទេសមានសង្គ្រាមនោះ គឺជារឿងផ្ទុយនឹងច្បាប់វិញតែប៉ុណ្ណោះ។

ហេតុដូច្នេះហើយ បានជាលោកនិយាយថា លោក Trump បានធ្លាក់ចូលទៅក្នុង «អន្ទាក់ព័ត៌មានមិនពិតរបស់រុស្ស៊ី» ដែលសម្តីនេះបានធ្វើឱ្យលោក ដូណាល់ ត្រាំ កាន់តែក្តៅក្រហាយ។ លោក ហ្សេឡិនស្គី បានថ្លែងទៀតថា លោកក៏បានត្រៀមខ្លួនរួចរាល់ផងដែរ ដើម្បីលាលែងពីតំណែងប្រធានាធិបតី ប្រសិនការលាលែងនោះមានន័យថានឹងផ្តល់ «សន្តិភាពសម្រាប់អ៊ុយក្រែន» ឬផ្តល់សមាជិកភាពណាតូ ឱ្យអ៊ុយក្រែនវិញនោះ។ ហ្សេឡិនស្គី បាននិយាយថា លោកមិនមានគម្រោងបន្តកាន់អំណាចច្រើនទសវត្សរ៍នោះទេ។ ប៉ុន្តែលោកបញ្ជាក់ការប្តេជ្ញាថា នឹងមិនឱ្យលោក Putin បន្តកាន់អំណាចលើទឹកដីអ៊ុយក្រែនឡើយ។

បេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ ប្រចាំតំបន់មជ្ឈិមបូព៌ាគឺ លោក Steve Witkoff បាននិយាយតាមការផ្សាយរបស់ CNN ក្នុងកិច្ចប្រជុំ State Of Union រំពឹងថាក្នុងសប្តាហ៍មកដល់នេះ កិច្ចព្រមព្រៀងទំនងនឹងអាចសម្រេចទៅបាន ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដើរតួនាទីកាន់តែធំ ក្នុងការទាញយកធនធានរ៉ែរបស់អ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ក៏បាននិយាយថា ផែនការរ៉ែរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ គឺដើម្បីបង្កើតភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដោយគេចាត់ទុកថាវាជា «នយោបាយឈ្នះឈ្នះ»

លោក Bessent បានប្រាប់កម្មវិធី Sunday Morning Futures របស់កម្មវិធី Fox News ថា «បើយើងរកលុយបានប្រជាជនអ៊ុយក្រែន ក៏រកលុយបានទាំងអស់គ្នា»។ ការអះអាងរបស់មន្ត្រី ជាន់ខ្ពស់អាមេរិកទាំងនេះ គឺជាការបង្ហាញថា សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលលើកុងត្រាតម្លៃ ៥០០ពាន់លាននោះឡើយ។

សន្និសីទសារព័ត៌មានធ្វើឡើងដោយលោក ហ្សេឡិនស្គី ក្នុងការរិះគន់លើបញ្ហាកុងត្រាដាក់ចេញដោយសហរដ្ឋអាមេរិកនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតមិនធ្លាប់មានលើអ៊ុយក្រែន ដោយប្រើប្រាស់ដ្រូនចំនួន ២៦៧គ្រឿង និងក៏មានការបាញ់មីស៊ីលបាលីស្ទីកចំនួនបីគ្រាប់ផងដែរ។

កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក៏បាននិយាយបញ្ជាក់បន្ថែមដែរថា លោក Trump មានទំនុកចិត្តយ៉ាងខ្លាំងណាស់ថា កិច្ចព្រមព្រៀងមួយនឹងអាចត្រូវបានសម្រេចនៅដើមសប្តាហ៍ក្រោយនេះ ដើម្បីការបញ្ចប់សង្រ្គាម។ ខណៈការរំពឹងថាកិច្ចព្រមព្រៀងធ្វើតម្លៃ ៥០០ពាន់លានដុល្លារ នឹងអាចត្រូវបានសម្រេចក្នុងសប្តាហ៍ឈានមកដល់នេះ, ក្រុមចរចារអាមេរិក និងរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងមានកិច្ចចរចាជុំទីពីរ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេកាលពីសប្តាហ៍មុននៅទីក្រុងរីយ៉ាដ នៃរដ្ឋធានីប្រទេសអារ៉ាប៊ីសាអូឌីត។

លោក Zelenskyy បាននិយាយថា ការស្វែងរកកិច្ចសន្តិភាពដ៏មានអត្ថន័យណាមួយដោយគ្មានការចូលរួមពីអ៊ុយក្រែន ឬគ្មានការចូលរួមពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងដៃគូយុទ្ធសាស្ត្រផ្សេងទៀត នឹងមិនអាចទៅរួចបានឡើយ។ លោក ហ្សេឡិនស្គី បញ្ជាក់ទៀតថាគេមិនអាចបញ្ចប់សង្គ្រាមដោយគ្មានភាគីម្ខាងទៀត ឬគ្មានភាគីអ៊ុយក្រែនឡើយ។

លោក Zelenskyy បាននិយាយសារភាពថា កងកម្លាំងប្រដាប់អាវុធរបស់លោក នឹងបាត់បង់ការគាំទ្រផ្នែកយោធាអន្តរជាតិចំនួន ២០% ប្រសិនបើរដ្ឋបាល Trump បញ្ឈប់ការផ្តល់ជំនួយនោះ។ Zelenskyy បាននិយាយទៀតថា អ៊ុយក្រែន កំពុងរង់ចាំការចែកចាយសព្វាវុធដែលបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលណាតូ ក្នុងក្រុងវ៉ាស៊ីនតោនកាលពីរដូវក្តៅមុន ហើយត្រូវការ missile batteries ពីប្រព័ន្ធអាវុធ Patriot ចំនួន ២០ផ្សេងទៀត ដែលមានតម្លៃ ៣០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

លោក ហ្សេឡិនស្គី បាននិយាយថា លោកស្វាគមន៍ចំពោះតួនាទីរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលនឹងត្រូវជួបលោក Trump ក្នុងសប្តាហ៍នេះ។ ប៉ុន្តែនៅមុនការធ្វើទស្សនកិច្ចរបស់មេដឹកនាំប្រទេសបារាំង និងអង់គ្លេសនេះ លោក ដូណាល់ ត្រាំ បានថ្លែងរិះគន់រួចទៅហើយដោយនិយាយថា ទាំងលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron មិនបានធ្វើអ្វីទាល់តែសោះក្នុងការជួយដោះស្រាយបញ្ចប់ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី និងបានរិះគន់ទៀតថាសហភាពអឺរ៉ុប រួមចំណែកតិចតួចណាស់ ខណៈសហរដ្ឋអាមេរិកនេះទៅវិញទេ ដែលបានធ្វើកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួនលើបន្ទុកហិរញ្ញវត្ថុក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែននោះ។

ដូច្នេះដំណើរទស្សនកិច្ចនៅក្នុងសប្តាហ៍នេះរបស់ប្រធានាធិបតីបារាំង លោកអេម៉ា នូអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដែលចង់ព្យាយាមអូសទាញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យងាកជំហរមករួមគ្នាគាំទ្រអ៊ុយក្រែន ដើម្បីបន្តប្រឆាំងនឹងរុស្ស៊ីវិញនោះ មានក្តីសង្ឃឹមតិចណាស់ ដែលរំពឹងថានឹងអូសទាញលោក ដូណាល់ ត្រាំ ងាកចេញពីល្បែងនយោបាយរបស់លោកនោះ៕