(សៀមរាប)៖ ទីតាំងថ្មរដិបរដុបជាច្រើន ត្រូវបានអ្នកភូមិហៅថា «ចង្ក្រានរយ» សហគមន៍អេកូទេសចរណ៍ធម្មជាតិចង្រ្កានរយ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។
«ព្រៃសហគមន៍ចង្ក្រានរយ» បានជាតំបន់លំហែបៃតងបែបធម្មជាតិ និងផ្សងព្រេង ដែលសម្បូរទៅដោយ ព្រៃឈើ ទេសភាពទឹកធ្លាក់ ផ្ទាំងថ្មធំៗ មានសត្វព្រៃ និងសត្វស្លាបជាច្រើនរយប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត។
ចាប់តាំងពី០៥ភ្លឺ អ្នកទេសចរណ៍ អាចធ្វើដំណើពីទីតាំងស្នាក់ការសហគមន៍ បានឃើញសត្វសត្វជាច្រើនប្រភេទ ដូចជាសត្វស្លាបកម្រ នៅក្នុងព្រៃសហគមន៍ចង្រ្កានរយ។ ការចូលមើលសត្វស្លាប និងការថតសត្វស្លាប គឺជាកត្តាជំរុញដ៏សំខាន់នៃវិស័យទេសចរណ៍ ដែលអាចរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ៖ សហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ លើទំហំផ្ទៃដីចំនួន៩.១០៤ហិកតា និងមានប្រជាជនរស់នៅរហូតដល់៣.៨៨៣គ្រួសារ។ លក្ខណៈពិសេសរបស់សហគមន៍គឺពោរពេញដោយសម្រស់ព្រៃឈើធម្មជាតិដែលអាចទាក់ទាញភ្ញៀវទេសចរ ដែលអាចជាចំណែកជួយលើកកម្ពស់ជីវភាព របស់ប្រជាជន និងគាំទ្រដល់កិច្ចការងារអភិរក្សក្នុងតំបន់។
អ្នកស្រី ឈឿន សុឌី ប្រធានគណៈកម្មការសហគមន៍ចង្ក្រានរយ បានលើកឡើងថា សមិទ្ធផលដែលសហគមន៍កំពុងទទួលបានភ្ញៀវមកទស្សនាឥតដាច់នាពេលនេះ បានមកពីការខិតខំប្រឹងប្រែងផ្ទាល់របស់សហគមន៍ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ លើសពីនេះសហគមន៍បានពន្យល់ និងណែនាំសមាជិក និងប្រជាពលរដ្ឋនៅជុំវិញ ឱ្យយល់ពីសារៈសំខាន់ក្នុងការថែរក្សាព្រៃឈើ និងចូលរួមដាំស្តារព្រៃឈើ ដែលអាចទាញប្រយោជន៍បានយ៉ាងសម្បូរបែប លើសពីការកាប់ព្រៃឈើខុសច្បាប់។
ប្រជាសហគមន៍បានចូលរួមដាំស្តារព្រៃដែលរិចរឹល បានមួយចំនួនបន្ថែមទៀត នៅក្នុងភូមិសាស្រ្តដីព្រៃសហគមន៍ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ ក្នុងឆ្នាំ២០២៤កន្លងទៅ សហគមន៍បានដាំស្តារព្រៃទំហំ ៣៦ហិកតា តាមរយៈគម្រោងរបស់ក្រសួងបរិស្ថាន ដែលមានឈ្មោះថា INRM ដែលគាំទ្រមូលនិធីពីGEF និង UNDP។ គម្រោងបានចូលរួមថែរក្សាព្រៃឈើ រួមទាំងការចូលរួមដាំស្តារព្រៃឡើងវិញ និងការគិតគូរ ដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយធានាឱ្យបាននូវអនាគតដ៏ល្អប្រសើរសម្រាប់បរិស្ថានផងនិងជីវភាពរបស់សមាជិកសហគមន៍ផងដែរ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា តំបន់ដែលមានជីវចម្រុះសម្បូរបែប ដូចជានៅក្នុងព្រៃសហគមន៍ចង្រ្កានរយ អាចទទួលបានអត្ថប្រយោជន៍ ពីការហូរចូលនៃអ្នកមើល និងអ្នកថតសត្វស្លាប ក៏ដូចជាអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានផ្លតល់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់ដល់សហគមន៍មូលដ្ឋាន ដែលក្នុងនោះសមាជិកសហគមន៍មុនគេ ហើយការទទួលបានជមណូលបន្ថែមរបស់សមាជិកសហគមន៍ គឺជាការចូលរួមចំណែកឱ្យការការពារ និងអភិរក្សធនធានធម្មជាតិ មាននិរន្តរភាពបន្តទៅកូនចៅរបស់ពួកគាត់៕