(កំពង់ចាម)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ បានរួមសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យចំណីអាហារ ផលិតផលកំប៉ុង ដែលដាក់លក់ក្នុងផ្សារផ្អាវ និងតាមផ្ទះជុំវិញផ្សារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
លោក ជួន សុជាតិ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់នៅតាមផ្ទះជុំវិញផ្សារផ្អាវ និងនៅក្នុងផ្សារ ដូចជា រួមទាំងផលិត ផលចំណីអាហារ រួមមាន៖ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកជ្រលក់ សរសៃគុយទាវ សរសៃមី បន្លែស្រស់ជាដើម ដែលកំពុងចរាចរ ដាក់លក់នៅលើទីផ្សារនោះ។
មន្រ្តីកាំកុងត្រូល បានបញ្ជាក់ថា នៅក្នុងការចុះពិនិត្យទំនិញនៅតាមផ្ទះ និងក្នុងផ្សារខាងលើ មន្រ្តីកាំកុងត្រូលបានរកឃើញ ទំនិញហួសកាលបរិច្ចេទតិចតួច នេះសបញ្ជាក់ឲ្យឃើញថា បងប្អូនអាជីវករយើងមានការយល់ដឹងអំពី គុណភាព សុវត្ថិភាព ម្ហូបអាហារច្រើនជាងមុន។
ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងកាន់តែច្បាស់អំពីផលវិបាក ដែលបណ្តាលការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។
លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕