(ភ្នំពេញ)៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កុមារកម្ពុជាដែលមានជំងឺបេះដូងចំហពីកំណើតចំនួន៥រូប បន្ថែមទៀតនឹងចេញដំណើរទៅទទួលការវះកាត់ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន។ តាមរបាយការណ៍ពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន បានរំលេចថា ចាប់ពីឆ្នាំ២០១៨មក តាមរយៈគម្រោងនៃក្តីស្រឡាញ់ មន្ទីរពេទ្យបេះដូង Fuwai និង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចុះពិនិត្យ សុខភាពជូនដល់កុមារកម្ពុជានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន១២ផ្សេងទៀតសរុបមានចំនួនចំនួន៧៩,៥១១នាក់ ក្នុងនោះមាន១២២រូបត្រូវបានរកឃើញថា មានជំងឺបេះដូងពីកំណើត។

ដោយមានការសម្របសម្រួលនិងការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ទើបកុមារចំនួន១០៧រូបបានជាសះស្បើយ ក្រោយទទួលបានការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃពីប្រទេសចិន ហើយកុមារចំនួន១០រូបបានទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមក្រុមគ្រួសារកុមារទាំ៥រូប ដែលត្រៀមចេញដំណើរទៅចិន លោក នួន ពិសិដ្ឋ បានជម្រាថា ក្រៅពីការលើកទឹកចិត្ត ដោយផ្តល់ជូន ក្នុងមួយគ្រួសារមីជាតិចំនួន២កេស និងថវិកា១សែនរៀល ក្រុមគ្រួសារទទួលបានសោហ៊ុយលើ ការរៀបចំលិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះទៅមក ការស្នាក់នៅ និងចំណាយផ្សេងៗទាំងស្រុងពីឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ ជឹង សុគន្ធាវី។ ថ្លែងទៅកាន់ក្រុមគ្រួសារកុមារទាំង៥រូបដែលនឹងត្រៀមចេញដំណើរនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ដើម្បីទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅក្នុងប្រទេសចិន ឯកឧត្តម ឡាវ វ៉ាន់ មានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ហើយដោយឡែកក្នុងអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបង្កើនការយកចិត្តទុកដាក់ខ្លាំងឡើង បន្ថែមទៀតលើ វិស័យសុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលជាពិសេសគឺកុមារ។

ឯកឧត្តមក៏បានសាទរជាមួយក្រុមគ្រួសារកុមារទាំង១១៧រូប ដែលមានជាសះស្បើយពីជំងឺបេះដូងចំហ ក្រោយពីទទួលបាននូវការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃពីមិត្តចិន។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់មិត្តចិន បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយក្រុមគ្រូពេទ្យកម្ពុជាទាំងលើ បម្រើបម្រាស់សម្ភារបច្ចេកវិទ្យាទំនើប និងបច្ចេកទេសនៃការវះកាត់ និងព្យាបាលជំងឺបេះដូងចំហ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុង ការលើកកម្ពស់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមក៏ស្វាគមន៍ចំពោះកិច្ចសហការរវាងសមាគមមិត្តភាពកម្ពុជា-ចិន ជាមួយមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន អង្គការ YUNDI និងមូលនិធិចិន PEACELAND ក្នុងផែនការឆ្នាំ២០២៥នេះនាំយករថយន្តចល័ត សម្រាប់បម្រើការងារលើការវះកាត់ និងព្យាបាលជំងឺបេះដូងចំហ ជូនដល់កុមារកម្ពុជា។ ជានិច្ចកាល ឯកឧត្តម ឡាវ វ៉ាន់ តែងយល់ថា កិច្ចខិតខំប្រឹងប្រែងនៃស្មារតីប្រកៀកស្មាគ្នារវាងក្រុមគ្រូពេទ្យកម្ពុជានិងចិន ពិតជាបានរួមចំណែកសង្គ្រោះជីវិតកុមារកម្ពុជា ដែលមានជំងឺបេះដូងពីកំណើត ហើយកុមារដែលជាសះស្បើយ ពីជំងឺបេះដូងចំហ គឺជាទូតសុឆន្ទៈ និងជាសាក្សីនៃមិត្តភាពរវាងប្រជាជនកម្ពុជានិងចិន ក្រោមទម្រនៃមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន