(កំពង់ធំ)៖ ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា កម្ពុ ណាត់ អាហ្គ្រោ ប្រូដាក់ កំពុងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ ២ម៉ឺនតោន នៅឆ្នាំ២០២៥នេះ ហើយបានដាក់គោលដៅកែច្នៃឱ្យបាន៥ម៉ឺនតោននៅឆ្នាំបន្ទាប់ ដើម្បីនាំចេញទៅកាន់ប្រទេសចិន​ ដែលកំពុងមានតម្រូវការខ្ពស់។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក្នុងនាមអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានទៅទស្សនកិច្ចជាមួយអ្នកសារព័ត៌មាន នៅរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កម្ពុ ណាត់ ដែលមានទីតាំងនៅស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ហួត ហ៉ីហៃគៀង​ នាយកប្រតិបត្តិក្រុមហ៊ុន កម្ពុ ណាត់ បានឱ្យដឹងថា ក្រុមហ៊ុនមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនប្រមាណជា២ម៉ឺនតោន នៅឆ្នាំ២០២៥ ហើយគ្រោងនឹងពង្រីកឱ្យបាន៥ម៉ឺនតោន នៅឆ្នាំបន្ទាប់ទៀត ដើម្បីគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយជាអធិរាជស្វាយចន្ទី នាពេលខាងមុខ។​

ចិនគឺជាទីផ្សារធំជាងគេ ខណៈដែល ក្រុមហ៊ុនកំពុងពង្រីកការនាំចេញទៅកាន់ទីផ្សារបរទេសមួយចំនួនទៀត។ លោក ហ៉ីហៃគៀង​ បានគូសបញ្ជាក់ថា​ ក្រុមហ៊ុនមានចក្ខុវិស័យពង្រីកទីផ្សារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារអាស៊ីបន្ថែម ហើយក្រុមហ៊ុនមានគម្រោងពង្រីកបន្ថែមឃ្លាំងស្ដុកទុកស្វាយចន្ទី និងបង្កើនទីតាំងហាលគ្រាប់ស្វាយចន្ទីបន្ថែមទៀត ដើម្បីអាចសម្រេចនូវការបន្ថែមសមត្ថភាពនាំចេញ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច​្ចកម្ពុជា បានលើកឡើងថា ក្រុមហ៊ុន កម្ពុ ណាត់ បានចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយលើកកម្ពស់វិស័យធំៗចំនួន៣ នោះគឺវិស័យកសិកម្ម វិស័យឧស្សាហកម្មកែច្នៃ និងវិស័យសេវាកម្ម ដែលជាផ្នែកមួយចូលរួមកំណើនសេដ្ឋកិច្ចកម្ពុជា។

ទោះជាយ៉ាងនេះក្តី អ្នកជំនាញរូបនេះបានមើលឃើញថា វិស័យស្វាយចន្ទីជាវិស័យមួយដែលមានសក្តានុពលខ្ពស់ តែលទ្ធភាពក្នុងការកែច្នៃគ្រាប់ស្វាយឆន្ទីកម្ពុជា នៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងគ្រាប់ស្វាយចន្ទីដែលកម្ពុជាប្រមូលបានប្រមាណ៨០ម៉ឺនតោនក្នុង១ឆ្នាំៗ ដែលក្នុងនោះការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ប្រទេសវៀតណាមមានរហូតដល់៨០ភាគរយ។

លោកបណ្ឌិត បានអំពាវនាវដល់រាជរដ្ឋាភិបាល ឱ្យគាំទ្រលើកទឹកចិត្តចំពោះក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ដូចជាកម្ពុ ណាត់នេះ ឱ្យបានច្រើនថែមទៀត ដើម្បីបង្កើនការកែច្នៃក្នុងស្រុក បង្កើតការងារជូនដល់​ប្រជាពលដ្ឋ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។

ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួ​ន​ ៨៥ម៉ឺនតោន ​កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។ ក្នុងនោះកម្ពុជាបានចេញគ្រាប់ឆៅ ចំនួន៨១ ៥០០០តោន កើនឡើង២១% ទទួលបានថវិកាចំនួន​ ១​ ១៥០លានដុល្លារ កើនឡើង២៦.១៥%។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង៧៩ម៉ឺនតោន។

បើតាមប្រសាសន៍ លោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ធ្លាប់បានថ្លែងកាលពីខែតុលា ឆ្នាំ២០២៤ថា ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទី (តាមការសិក្សាយើងមានដីសមស្រប បំផុតសម្រាប់ដាំស្វាយចន្ទីប្រមាណជា ១,២៤លានហិកតា) ហើយមានប្រភេទពូជដែលផ្តល់ទិន្នផលខ្ពស់ និងមានទំហំគ្រាប់ធំ (M23) ដែលសមស្របតាមតម្រូវការទីផ្សារអន្តរជាតិ៕

សូមទស្សនាកិច្ចសម្ភាសទាំងស្រុងដូចតទៅ៖