(ភ្នំពេញ)៖ ពលករខ្មែរ ដែលទើបធ្វើតេស្តប្រឡងចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញការប្តេជ្ញាថា មិនចូលរួមបាតុកម្មដែលញុះញង់ដោយក្រុមប្រឆាំងជ្រុលនិយម ដែលកំពុងរៀបចំរុញបញ្ហាកោះគុត ឱ្យប្រទេសជាតិធ្លាក់ចូលក្នុងជម្លោះការទូត និងការបែកបាក់ជាតិ។ ដូចនេះ គួរតែមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី។

ក្នុងឱកាសនោះដែរ លោក ផាន់ ចាន់រដ្ឋ ជាពលករខ្មែរដែលទើបប្រឡងជាប់ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់បងប្អូនពលករខ្មែរ និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សារៀនសូត្រនៅប្រទេសកូរ៉េ មើលឃើញថាការបំផុសបំផុលពីសំណាក់ក្រុមបក្សប្រឆាំងម្តងហើយម្តងទៀត ក្នុងគោលបំណងបង្កើតរូបភាពការធ្វើបាតុកម្មនេះ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបាននោះទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថានការណ៍កាន់តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។

លោក ផាន់ ចាន់រដ្ឋ បានបញ្ជាក់ថា ក្នុងន័យនេះ សូមបងប្អូនពលករខ្មែរត្រូវជឿជាក់លើថ្នាក់ដឹកនាំខ្មែរខ្លួនឯង ដើម្បីដោះស្រាយបញ្ហាជាតិ ដោយទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារប្រកបដោយសន្តិវិធី ដោយមិនចាំបាច់ទៅប្តឹងតុលាការអន្តរជាតិនោះទេ ជៀសវាងការកើតមានជម្លោះការទូតជាមួយប្រទេសជិតខាង។

ដោយឡែក លោក សឿន ភួង ជាពលករខ្មែរដែលទើបជាប់ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញគោលជំហរថានឹងមិនចូលរួមបាតុកម្ម ដែលជាការរៀបចំរបស់ ក្រុមប្រឆាំងនៅក្រៅប្រទេសជាដាច់ខាត ព្រោះលោកមានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន បូរណភាពទឹកដីជាមួយប្រទេសជិតខាងដោយសន្តិវិធី រក្សាផលប្រយោជន៍ជាតិជារួម ជាជាងធ្វើសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការជាតិលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

ដូចគ្នានេះ ពលករខ្មែរដែលទើបជាប់ការប្រឡងទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ទៀត កញ្ញា ស៊ឺ ប្រាក់នួន បានអំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅបរទេសទាំងអស់ កុំចូលរួមធ្វើបាតុកម្មតាមរយៈការអុចអាលរបស់ក្រុមប្រឆាំងជ្រុលនិយមដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមខ្មែរបែកបាក់ និងមានជម្លោះជាមួយបណ្តាប្រទេសជិតខាង ដែលជាមិត្ត។ បងប្អូនត្រូវរក្សាសន្តិភាពក្នុងប្រទេស និងជឿលើថ្នាក់ដឹកនាំដោះស្រាយតាមរយៈការចរចារដោយសន្តិវិធី។

ទន្ទឹមនឹងនេះនិស្សិត និងពលករខ្មែរ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ឆេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង។ ទន្ទឹមនេះ សូមជឿជាក់លើដំណោះស្រាយដោយសន្តិវិធី ខណៈដែលភាគីកម្ពុជា និងថៃកំពុងតែធ្វើការចរចាគ្នានៅឡើយ៕