(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៤ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P.Clark) មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក បានអញ្ជើញបំពេញទស្សនកិច្ចនៅ​កម្ពុជា តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក រយៈពេលពីរថ្ងៃ ចាប់​ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ក្រៅពីជួបសម្តែងការគួរសមជាមួយ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត ហើយនោះ លោក ក៏នឹងជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទផងដែរ។

នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរនឹង​ពិភាក្សា​ស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់ នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួប​លើក​ទី៧៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ហើយក៏ជា​លើក​ទី២ ដែលមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញ​បំពេញទស្សនកិច្ចនៅកម្ពុជា ដែលលើកទី១ គឺដឹកនាំដោយនាយឧត្តមសេនីយ៍ វ៉ីនសេន ប៊ុក (VINCENT BROOKS) នៅក្នុងឆ្នាំ២០១៤៕