Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅរឹបអូសឈើខុសច្បាប់ នៅស្រុកអូរយ៉ាដាវ តែបរាជ័យបន្ទាប់​ពីអ្នកភូមិលើក​គ្នាមកត​វ៉ាប្រឆាំង

25-10-2016 16:36

(រតនគិរី)៖ ជារឿងកម្រមួយ បានកើតឡើងគ្រាដែលកម្លាំងនគរបាល កម្លាំងអាវុធហត្ថ រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន ចុះរឹបអូសឈើខុសច្បាប់នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ស្រាប់តែបរាជ័យ នាំគ្នាដកថយទៅវិញអស់ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាទៅតវ៉ាប្រឆាំងចំពោះប្រតិបត្តិការមួយនេះ។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក ស៊ឹម លីនអភិបាលរងស្រុកអូរយ៉ាដាវ និងលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីផងដែរ។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងប្រតិបត្តិការនេះដែរ កម្លាំងបានប្រទះឃើញឈើសុក្រំ១២ដុំគរទុកនៅខាងក្រៅផ្ទះ ៧២ដុំផ្សេងទៀតស្ថិតនៅសំយ៉ាបផ្ទះ និងរថយន្តច្នៃមួយគ្រឿងផ្ទុកឈើសុក្រំពេញ ត្រូវបានជម្លៀសចេញមុនសមត្ថកិច្ចទៅដល់ទៀត សង្ស័យបែកការណ៍ពីព្រោះអ្នករកស៊ី និងឈ្មួញឈើត្រូវរ៉ូវជាមួយគ្នា។

 រហូតមកដល់វេលាម៉ោងប្រមាណជិត៣រសៀលថ្ងៃនេះ កម្លាំងទាំងអស់បានដកចេញជាបន្ទាន់ ពីព្រោះមានការតវ៉ាយ៉ាងខ្លាំងក្លា ពីអ្នកភូមិមិនឲ្យរឹបអូសឈើ ពោលគឺឈើសុក្រំខាងលើត្រូវរក្សានៅទីតាំងដដែល៕