(សៀមរាប)៖ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអ៊ីមាំស្តីទីខេត្ត បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះ និងជំនាញមួយពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍប្រទេស នាពេលអនាគត។ ក្នុងនោះដែរ ត្រូវស្តាប់ការទូន្មានប្រៀនប្រដៅរបស់លោកគ្រូ អ្នកគ្រូ, ស្តាប់នូវការពន្យល់ និងត្រូវព្យាយាមធ្វើនូវរាល់កិច្ចការធ្វើដែលគ្រូដាក់ឲ្យធ្វើ ហើយអាណាព្យាបាល ក៏ត្រូវចូលរួមអប់រំកូនៗ របស់ខ្លួនបន្ថែមផងដែរ។

ការក្រើនរំលឹកយ៉ាងដូច្នេះរបស់លោក អែល សៀត នៅក្នុងពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរទទួលស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន (ខែបួសរបស់ខ្មែរឥស្លាម) មានការឡើងសូត្រព្រះគម្ពី រអាល់គូរអាន និងមានសម្តែងចំរៀង (ខស៊ីដាស់ឥស្លាម) ជាក្រុមៗរបស់ប្អូនៗសិស្សានុសិស្ស។ ពិធីនេះ ធ្វើឡើងនៅវិហារឥស្លាមអាន់នៀកម៉ាស់ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ពិធីនេះដែរ ក៏មានការចូលរួមពីលោក​ ស្រេន​ សុព្រី សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប និងអនុប្រធានគណៈចលនាសាសនិកឥស្លាម ខេត្តសៀមរាប និងលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ព្រមទាំងលោក លោកស្រី ជាអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ខ្មែរឥស្លាម និងសិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សជាច្រើនចូលរួមផងដែរ។

លោក អែល សៀត បានបន្តថា ការធ្វើពិធីអបអរសាទរស្រហាន់អាហ្គាម៉ា ដើម្បីអបអរទទួលស្វាគមន៍ការមកដល់ខែរ៉ម៉ាឌន (ខែបួសរបស់បងប្អូនខ្មែរឥស្លាម) គឺអាចមកដល់នៅដើមខែមីនាខាងមុខនេះ សម្រាប់អ្នកកាន់សាសនាឥស្លាម។ លោកបន្តថា ខែរ៉ាម៉ាឌន ជាខែដ៏ពិសិដ្ឋរបស់ឥស្លាមគ្រប់ទិសទីនៅលើសកលលោក ដែលកាន់សាសនាឥស្លាមគ្រប់រូប ត្រូវអនុវត្តន៍ទាំងចាស់ទាំងក្មេង ប្រុសស្រី សូម្បីតែកុមារក៏ត្រូវរៀនបួស តាមលទ្ធភាពរបស់ខ្លួន។

លោកបន្តទៀតថា ដើម្បីឱ្យបួសបានពេញលេញ អ្នកបួសត្រូវតមពីការនិយាយស្តីអាក្រក់ និងតមការធ្វើអំពើមិនគប្បី តាមការធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ជាពិសេសត្រូវដាក់ខ្លួនឱ្យស្មើភាព ដោយចៀសវាងពីភាពរើសអើង ឬច្រណែនឈ្នានីស ចំពោះសមាជិកក្នុងសហគមន៍ខ្លួន ដើម្បីបង្កើតបាននូវបរិយាកាសសហការគ្នា និងជំរុញឱ្យប្រព្រឹត្តនូវអំពើល្អ និងទប់ស្កាត់មិនឱ្យធ្វើអំពើអាក្រក់។ ចំពោះការបួសនេះទៀត មិនមែនតែការតមអាហារប៉ុណ្ណោះឡើយ តែត្រូវតមទាំងអស់ នូវរាល់កាយវិការមិនសមរម្យ ដូចជា៖ ការបៀតបៀន, រំលោភសិទ្ឋិអ្នកដទៃ, ការកេងប្រវ័ញ្ញ និងអំពើអសីលធម៌ផ្សេងៗផងដែរ។

លោក អែល សៀត បន្ថែមថា សមិទ្ធផលនៃសុខសន្តិភាព ដោយសារគោលនយោបាយសុខដុមនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍ឥស្លាម មានភាពកក់ក្ដៅ និងរីកចម្រើនជាបន្តបន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជាទទួលបានដោយសារគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈកម្ពុជាក៏មានអ្នកកាន់សាសនាឥស្លាម បាននឹងកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ។

លោកបញ្ជាក់ថា មិនតែប៉ុណ្ណោះសាសនិកឥស្លាមនៅកម្ពុជា ក៏ទទួលបាននូវគោលនយោបាយល្អៗ ដើម្បីបំពេញរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំទូលាយឱ្យទទួលយកការប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ ប្រពៃណី និងការអនុញ្ញាតឱ្យទទួលបានការងារក្នុងជួររដ្ឋាភិបាល ក៏ដូចជា៖ រដ្ឋសភា ព្រឹទ្ធសភា និងតាមក្រក្រសួង អង្គភាព ព្រមទាំងមន្ទីរនានាផងដែរ៕