(ឧត្តរមានជ័យ)៖ អគារដ្ឋបាលសាលាខេត្តថ្មី ផ្ទះមុខងារថ្នាក់ដឹកនាំខេត្ត អគារស្នាក់នៅរួមរបស់មន្ត្រីរាជការ និងគម្រោងជួសជុលពង្រីកសាលប្រជុំធំសាលាខេត្ត ត្រូវបានរៀបចំពិធីក្រុងពាលីសាងសង់ជាផ្លុវការ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ទាំង៥។

ថ្លែងនៅក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានថ្លែងថា អគារថ្មីដែលកំពុងរៀបចំពិធីក្រុងពាលីសាងសង់ជាផ្លុវការនាពេលនេះ គឺជាគំនិតផ្តួចផ្តើម ដោយកំណត់ធ្វើការសាងសង់ឱ្យរួចរាល់ក្នុងរយៈពេល១ឆ្នាំ និងសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ ដើម្បីធ្វើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ក្នុងសាលាខេត្តឧត្តរមានជ័យ មានកន្លែងធ្វើការស្រួល កន្លែងស្នាក់នៅប្រកបទៅដោយផាសុខភាព ជាពិសេសក៏បានចូលរួមកាត់បន្ថយនូវការចំណាយរបស់មន្រ្តីរាជការសាលាខេត្តទៅលើការជួលកន្លែងស្នាក់នៅខាងក្រៅផងដែរ។

អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបន្តទៀតថា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ គឺជំនួសឱ្យអគាររដ្ឋបាលខេត្តចាស់មានទំហំតូច និងចាស់ទ្រុឌទ្រោម ដែលមិនអាចបំពេញតម្រូវការក្នុងស្ថានភាពការងារ នាពេលបច្ចុប្បន្ននេះបាន។ ដោយឡែកចំពោះអគារថ្មីនេះ នឹងមានភាពងាយស្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមបញ្ជាក់ថា អគារ០៤ខ្នងដែលរៀបចំពិធីក្រុងពាលី និងកំពុងចាប់ផ្តើមសាងសង់ថ្មីនាពេលនេះរួមមាន៖អគាររដ្ឋបាលសាលាខេត្ដ មានទំហំបណ្ដោយ៤១ម៉ែត្រ និងទទឹង៣៣ម៉ែត្រ កម្ពស់២ជាន់ និងផ្ទះមុខងាររបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អគារស្នាក់នៅរួមរបស់មន្រ្ដីរាជការសាលាខេត្តឧត្តរមានជ័យផងដែរ៕