(រតនគិរី)៖ លោក អ៊ុក គង់ សមាជិកព្រឹទ្ធសភា និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល ស្តីពីការចងក្រង សហគមន៍កសិកម្មទំនើប សម្រាប់ដំណាំទុរេន ដំណាំម្រេច ដំណាំស្វាយចន្ទី និងដំណាំផ្សេងៗទៀតនៅខេត្តរតនគិរី ដែលបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតនៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើន។
ថ្លែងនៅក្នុងវេទិកានេះ លោក ញ៉ែម សំអឿន បានលើកឡើងថា យោងតាមធាតុចូលជាច្រើនដែលទទួលបានពីកសិករនៅក្នុងខេត្ត ក៏ដូចជា ដៃគូអភិវឌ្ឍ តាមរយៈមន្ត្រីកសិកម្ម និងវេទិកានានា រដ្ឋបាលខេត្តបានកត់សម្គាល់ឃើញថា មានការរអ៊ូរទាំចេញពីក្រុមផលិត ដែលបានលើកឡើងចំពោះទីផ្សារកសិផលមានលក្ខណៈតូចចង្អៀត និងមានតម្លៃទាប និងពេលខ្លះផលិតបានហើយ មិនដឹងថាយកទៅលក់នៅឯណា។
កង្វល់ទាំងអស់នេះត្រូវបានរដ្ឋបាលខេត្តប្រមូលផ្តុំ និងរៀបចំជាផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីព្យាយាមឱ្យអស់លទ្ធភាពក្នុងការស្វែងរកដំណោះស្រាយជូនបងប្អូនកសិករ ដោយធ្វើការផ្សព្វផ្សាយ កៀរគរ និងទាក់ទាញវិនិយោគិន ឱ្យចូលមកបណ្តាក់ទុននៅក្នុងខេត្តជាបន្តបន្ទាប់។
លោកបន្តថា តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់ ដំណាំទុរេន ដំណាំម្រេច ដំណាំចន្ទី និងទីផ្សារបញ្ជាទិញនេះ នឹងជួយដល់កសិករឱ្យទទួល បាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ក្នុងការដាំដំណាំយុទ្ធសាស្ត្រប្រកបដោយសក្តានុពល បែបទំនើប ជាពិសេស បញ្ហាខ្វះទីផ្សារ លែងជាកង្វល់តទៅទៀតហើយចាប់ពីនេះតទៅ។
វេទិកានេះនឹងមានបទបង្ហាញពីចែករំលែកការដាំដំណាំ និងការបង្ហាញពីក្រុមហ៊ុនបញ្ជាទិញកសិផលរបស់ប្រជាពលរដ្ឋ ក្នុងតម្លៃទីផ្សារសមរម្យអាចទទួលយកបាន តាមរយៈការចុះកិច្ចសន្យាដោយផ្ទាល់ រវាងក្រុមហ៊ុន និងប្រជាកសិករ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរខេត្ត ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ ក្នុងនោះដែរទីផ្សានាំចេញដ៏ធំបំផុតរបស់ខេត្តរតនគិរី គឺក្រុមហ៊ុនពីប្រទេសចិន ជាអ្នកចុះមកទទួលទិញដោយផ្ទាល់។
ក្នុងនាមអាជ្ញាធរខេត្តលោក ញ៉ែម សំអឿន បានគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន K&D ក្រុមហ៊ុន H&G និងក្រុមហ៊ុនសេះបង្កង់ ដែលបានចូលរួមចំណែកក្នុងជួយដោះស្រាយចំពោះទុក្ខកង្វល់របស់ប្រជា កសិករនៅ ក្នុងខេត្តរតនគិរី ហើយក៏ស្នើដល់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាកសិករ រួមទាំងការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីធានាថា ថ្លៃដើមផលិតទាប កសិផលមាន គុណភាព មានសុវត្ថិភាព និងមានតម្លៃល្អ ស្របតាមស្តង់ដារ GAP (Good Agriculture Practices) សម្រាប់ការនាំចេញ ក្នុងក្របខ័ណ្ឌប្រកួតប្រជែងទីផ្សារសេរី។
សូមបញ្ជាក់ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រីកវិសាលភាព នៃកំណើនសេដ្ឋកិច្ចខេត្តរតនគិរី ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយធ្វើការផ្លាស់ប្តូរផ្នត់គំនិតកសិករ លើការងារដាំដុះដំណាំ ដែលមានសក្តានុពល ដោយប្រើប្រាស់ ផ្ទៃដីដាំដុះតិច ប៉ុន្តែអាចផ្តល់អត្ថប្រយោជន៍ច្រើនមានចំណូលខ្ពស់ និងការរំដោះខ្លួនឱ្យផុតពីបន្ទាត់នៃភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឆ្ពោះទៅការសម្រេចគោលដៅយុទ្ធសាស្ត្រ ឆ្នាំ២០៣០-២០៥០៕