(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ គឺជាគោរមងារដ៏ឧត្តុងឧត្តម នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលត្រូវបានផ្ដល់ជូនសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងកំណត់ដោយព្រះរាជក្រឹត្យ ហើយទទួលបុព្វសិទ្ធិពេញមួយជីវិត លើកលែងតែការសុំលាឈប់ ឬត្រូវតុលាការផ្តន្ទាទោសប៉ុណ្ណោះ។
ដើម្បីបង្ហាញដល់ប្រិយមិត្តបានយល់ច្បាស់ពីប្រភេទ និងកម្រិតនៃគោរមងារ និងលក្ខណៈសម្បត្តិនៃស្នាដៃ សម្រាប់អ្នកដែលអាចទទួលបាននូវ គោរមងារវិទ្យាសាស្រ្ត នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ដាញព័ត៌មាន Fresh News នឹងដកស្រង់នូវព្រះរាជក្រឹត្យស្ដីពី «ក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពជា» ដែលមានខ្លឹមសារដូចតទៅ៖
យោងតាមព្រះរាជក្រឹត្យស្ដីពី «ក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពជា» ជំពូកទី២, មាត្រា៤ បានបង្ហាញឱ្យដឹងថា «គោរមងាររាជបណ្ឌិត្យសភាកម្ពុជាមានពីរប្រភេទគឺ គោរមងារវិទ្យាសាស្រ្ត និងគោរមងារកិត្តិយស»។ មាត្រា៥ នៃព្រះរាជក្រឹត្យនេះបានបញ្ជាក់ឱ្យដឹងទៀតថា គោរមងារវិទ្យាសាស្រ្ត មានចំនួន៣គឺ៖
- អគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ
- អគ្គបណ្ឌិត្យសភាចារ្យ
- បណ្ឌិតសភាចារ្យ។
គោរមងារមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ ជាគោរមងារវិទ្យសាស្រ្តខ្ពស់បំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលត្រូវផ្ដល់ជូនឥស្សរជនកំពូល នៃព្រះរាជាណាចក្រកម្ពុជាតែមួយរូបគត់។ នេះបើតាមមាត្រា៦ នៃព្រះរាជក្រឹត្យស្ដីពី «ក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពជា»។ មាត្រា៧ នៃព្រះរាជក្រឹត្យនេះ បញ្ជាក់ថា «អគ្គបណ្ឌិតសភាចារ្យ ជាគោរមងារវិទ្យាសាស្រ្តដ៏ឧត្តុឧត្តម នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលត្រូវបានផ្ដល់ជូនប្រធានក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ»។
ខណៈមាត្រា៨ បានបញ្ជាក់ថា «បណ្ឌិតសភាចារ្យ ជាគោរមងារវិទ្យាសាស្រ្តដ៏ឧត្តុងឧត្តម នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលត្រូវបានផ្ដល់ជូនសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅតាមលក្ខខណ្ឌ កំណត់ដោយលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
* តើត្រូវមានស្នាដៃកម្រិតណា ទើបអាចទទួលគោរមងារ ជាបណ្ឌិតសភាចារ្យបាន?
យោងតាមអនុក្រឹត្យស្ដីពី «លក្ខន្តិកៈសមាជិកបណ្ឌិតសភានៃរាបណ្ឌិត្យសភាកម្ពុជា» លេខ០៧ អនក.ប្រក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨, មាត្រា៤ បានឱ្យដឹងថា សមាជិកបណ្ឌិតសភានៃរាជបណ្ឌិត្យសភាកម្ពុជា មាន៣ប្រភេទគឺ៖ សមាជិកពេញសិទ្ធ, សមាជិកបម្រុង, សមាជិកសមាគមិក និងសមាជិកកិត្តិយស។
មាត្រា៥ នៃអនុក្រឹត្យបានឱ្យដឹងថា «សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជាបណ្ឌិត្យសភាចារ្យ»។
សមាជិកពេញសិទ្ធិ អាចត្រូវបានជ្រើសរើសពីក្នុងចំណោមសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលជាសមាជិកបម្រុងយ៉ាងតិចពីរឆ្នាំ មានស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្របន្តក្រោយពេលចូលជា សមាជិកបម្រុងយ៉ាងតិចចំនួនពីរស្នាដៃដែលទទួលស្គាល់ដោយក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងមានទំនាក់ទំនងល្អក្នុងរាជបណ្ឌិត្យសភាកម្ពុជា។
ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យអាចលើកសំណើជូននាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេច ជាករណី ពិសេស ក្នុងការបញ្ចូលជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជានូវ៖
- សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
- បញ្ញាជនមានសញ្ញាបត្រថ្នាក់បណ្ឌិតដែលសម្រេចបាននូវការរកឃើញថ្មីក្នុងវិស័យស្រាវជ្រាវវិទ្យា សាស្ត្រ ឬដែលសម្រេចបាននូវស្នាដៃនវានុវត្តបច្ចេកទេស ឬបច្ចេកវិទ្យាដែលផ្តល់គុណប្រយោជន៍ ធំធេងដល់សង្គមជាតិ និង
- ឥស្សរជនដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត ហើយមានបទពិសោធការងារយ៉ាងតិច ១០ឆ្នាំ ក្រោយ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត និងមានគុណសម្បត្តិធំធេងក្នុងកិច្ចការរៀបចំ និងដឹកនាំអនុវត្ត គោលនយោបាយអភិវឌ្ឍន៍សង្គមជាតិ ដែលការបញ្ចូលតាមករណីពិសេសនៃចំណុចនេះ មានចំនួនយ៉ាងច្រើនស្មើនឹងមួយភាគបី នៃចំនួនសមាជិកពេញសិទ្ធិសរុប ៧៩រូប ដូចមានកំណត់នៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
បេក្ខជនដែលត្រូវបានជ្រើសចូលជាសមាជិកពេញសិទ្ធិ ត្រូវមានសុចរិតភាព ប្រវត្តិការងារល្អ មានសីល ធម៌រស់នៅល្អ និងមិនដែលមានទោសឧក្រិដ្ឋ ឬមជ្ឈឹម។
ជាមួយគ្នានេះ យោងតាមមាត្រា៦ នៃអនុក្រឹត្យដដែលបានឱ្យដឹងថា៖ «សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាមានចំនួនកំណត់មិនលើសពី ៧៩រូប។ ចំនួនសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវមានប្រហាក់ប្រហែលគ្នារវាងអ្នកវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត ឬត្រូវកំណត់ដោយយោងតាមតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រទេសជាតិ»។
សមាជិកពេញសិទ្ធិ មានគោរមងារជាបណ្ឌិតសភាចារ្យ ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ។ ខណៈសមាជិកបម្រុង សមាជិកសមាគមិក និងសមាជិកកិត្តិយស ត្រូវតែងតាំងដោយអនុក្រឹត្យ។ នេះបើតាមមាត្រា១០ នៃអនុក្រឹត្យស្ដីពី «លក្ខន្តិកៈសមាជិកបណ្ឌិតសភានៃរាបណ្ឌិត្យសភាកម្ពុជា»។
បន្ថែមពីនេះ «សមាជិកភាពនៃសមាជិកពេញសិទ្ធិ សមាជិកបម្រុង សមាជិកសមាគមិក និងសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវរលាយបាត់វិញដោយមរណៈភាព ការសុំលាឈប់ ឬត្រូវតុលាការផ្ដន្ទាទោសពីបទល្មើសណាមួយប៉ុណ្ណោះ»។ នៃបើតាមការកំណត់ក្នុងមាត្រា១១ នៃអនុក្រឹត្យ។
* តើបណ្ឌិត្យសភាចារ្យ ឬជាសមាជិកបណ្ឌិតសភា មានភារកិច្ច និងការទទួលខុសត្រូវអ្វីខ្លះ?
យោងតាមជំពូកទី៤ ស្ដីពី «ភារកិច្ច និងការទទួលខុសត្រូវសមាជិកបណ្ឌិតសភា» មាត្រា១៦ បានឱ្យដឹងថា សមាជិកពេញសិទ្ធិ និងសមាជិកបម្រុង មានភារកិច្ច និងការទទួលខុសត្រូវនៅក្រោមក្របខណ្ឌសមត្ថកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖
១- សិក្សា និងរៀបចំគោលនយោបាយស្រាវជ្រាវជាតិ។
២- រៀបចំគម្រោងផែនការអភិវឌ្ឍការងារស្រាវជ្រាវវិទ្យាស្រ្តសង្គម ឬវិទ្យាសាស្រ្តពិត។
៣- ផ្ដួចផ្ដើមនិងបង្កើតស្នាដៃស្រាវជ្រាវរបស់មន្រ្តីស្រាវជ្រាវ។
៥- ទទួលខុសត្រូវចំពោះលទ្ធផលស្រាវជ្រាវតាមក្រមសីលធម៌វិជ្ជាជីវៈ។
៦- ធ្វើកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្រ្តសង្គម ឬវិទ្យាសាស្រ្តពិត ជាមួយស្ថាប័នជាតិ និងអន្តរជាតិ។
ភារកិច្ច និងការទទួលខុសត្រូវទាំងនេះ ត្រូវរួមចំណែកដល់ការងារស្រាវជ្រាវ វប្បធម៌ និងវិទ្យាសាស្រ្ត ព្រមទាំងអាចជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរាជបណ្ឌិត្យសភាកម្ពុជា។
* តើបណ្ឌិតសភាចារ្យ ឬសមាជិកបណ្ឌិតសភា មានបុព្វសិទ្ធិអ្វីខ្លះ?
យោងតាមជំពូកទី៥ ស្ដីពី «បុព្វសិទ្ធិរបស់សមាជិកបណ្ឌិតសភា» មាត្រា១៧ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «សមាជិកពេញសិទ្ធិ និងសមាជិកបម្រុង មានឯករាជ្យក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រតាមជំនាញរៀងៗ ខ្លួន ដោយប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ការបំពេញមុខងារស្រាវជ្រាវរបស់សមាជិកពេញសិទ្ធិ និងសមាជិកបម្រុង ជាបុគ្គល ឬជាក្រុម ត្រូវធ្វើឡើងដោយមានផែនការច្បាស់លាស់ និងមានការឯកភាពពីរាជបណ្ឌិត្យសភាកម្ពុជា។
លទ្ធផលនៃការស្រាវជ្រាវរបស់សមាជិកពេញសិទ្ធិ និងសមាជិកបម្រុង ដែលស្ថិតក្នុងផែនការរបស់ រាជបណ្ឌិត្យសភាកម្ពុជា ជាកម្មសិទ្ធិរបស់រដ្ឋ ប៉ុន្តែសមាជិកនោះអាចទទួលបាននូវកម្រៃកម្មសិទ្ធិបញ្ញាពី ស្នាដៃរបស់ខ្លួនតាមការកំណត់របស់រាជរដ្ឋាភិបាល។
សមាជិកពេញសិទ្ធិ និងសមាជិកបម្រុងត្រូវធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការងារស្រាវជ្រាវរបស់ខ្លួន មកជូនរាជបណ្ឌិត្យសភាកម្ពុជានៅពាក់កណ្តាលគម្រោង និងចុងបញ្ចប់នៃគម្រោងស្រាវជ្រាវ»។
ការស្រាវជ្រាវត្រូវបានទទួលការគាំពារពីរដ្ឋក្នុងការការពារកម្មសិទ្ធិបញ្ញា ការបោះពុម្ពផ្សាយ ការចូលទៅកាន់ទីកន្លែងដែលជាកម្មវត្ថុនៃការស្រាវជ្រាវ ការការពារផ្នែកសន្តិសុខ និងសុវត្ថិភាពនៅទីកន្លែងជាកម្មវត្ថុ នៃការស្រាវជ្រាវ និងការផ្តល់ធនធានសម្រាប់ការស្រាវជ្រាវ។ នេះបើយោងតាមមាត្រា១៨ នៃអនុក្រឹត្យ។
ខណៈមាត្រា១៩ បានបន្ថែមថា «សមាជិកពេញសិទ្ធិ និងសមាជិកបម្រុង ត្រូវទទួលប្រាក់បំណាច់ស្រាវជ្រាវ ប្រាក់ស្រាវជ្រាវប្រចាំឆ្នាំ ប្រាក់សុខភាព និងប្រាក់បំណាច់ផ្សេងៗទៀត ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក»។
លក្ខណៈពិសេសនៃបុព្វសិទ្ធិ នៃសមាជិកពេញសិទ្ធិបណ្ឌិតសភា យោងតាមមាត្រា២០ នៃអនុវក្រឹត្យគឺ «សមាជិកពេញសិទ្ធិ ទទួលបាននូវគោរមងារជាបណ្ឌិតសភាចារ្យ និងទទួលបាននូវបុព្វសិទ្ធិដូច មានចែងក្នុងមាត្រា១៩ ខាងលើរហូតអស់មួយជីវិត លើកលែងតែការសុំលាឈប់ ឬត្រូវផ្តន្ទាទោស ដូចក្នុង មាត្រា១១ នៃអនុក្រឹត្យនេះ»៕