(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចពិភាក្សាស្តីពីមូលដ្ឋានគ្រឹះនៃការកសាងគ្រួសារ និងអាជីវកម្មឋិតឋេរតាមបែបពុទ្ធសាសនា អ្នកជំនាញបានលើកឡើងថា ក្នុងគ្រួសារមួយដែលមានឪពុកម្តាយប្រព្រឹត្តិមិនល្អ ឬព្រះពុទ្ធសាសនាចាត់ទុកថា ជាគ្រួសារដែលមានប្តីជាខ្មោច ប្រពន្ធជាខ្មោច ក៏អាចជះឥទ្ធិពលមិនល្អនេះដល់កូន នៅពេលដែលពួកគេដល់វ័យបង្កើតគ្រួសារផងដែរ។
ពាក្យថា «ខ្មោច» សំដៅដល់ចំណុច៥យ៉ាង គឺទី១.បុគ្គលដែលចូលចិត្តការកាប់សម្លាប់ ឬការប្រើប្រាស់ហិង្សា ទី២.ពូកែលួច ទី៣. ការក្បត់ចិត្តគ្នា ទី៤. ការនិយាយមិនពិត និងទី៥. ការចូលចិត្តសេពសុរ៉ា។
លោកធម្មបណ្ឌិត ហេង មុណីចិន្តា ស្ថាបនិកអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ មានប្រសាសន៍ថា ប្រសិនបើឪពុកម្តាយនោះ ជាអ្នកចូលចិត្តប្រើប្រាស់គោលការណ៍ហិង្សា មានភាពមិនស្មោះត្រង់លួចលាក់ មិនស្មោះភក្តី ចូលចិត្តនិយាយកុហក និងផឹកស្រវឹង នោះវប្បធម៌នេះនឹងជះឥទ្ធិពលដល់កូនរបស់ពួកគេ ដែលកូនក៏អាចយកគម្រូនេះតាមនៅដែលគេធំឡើងមានគ្រួសារ។ ហេតុដូច្នេះហើយទើបនៅប្រទេសខ្លះ នៅពេលដែលគេសង្កេតឃើញថា ឪពុកម្តាយដែលមិនអាចចិញ្ចឹមកូនឱ្យល្អ មានសីលធម៌ គុណធម៌ រដ្ឋនឹងយកទៅចិញ្ចឹម ដើម្បីបញ្ចៀសកុំឱ្យក្មេងនោះដូចឪពុកម្តាយរបស់ពួកគេ។
ជាមួយគ្នានេះ តេជានន្ទភិក្ខុ សាន ពិសិដ្ឋ បណ្ឌិតទេសរដ្ឋបាលសាធារណៈ មានសង្ឃដីកាថា ក្នុងករណីគ្រួសារ ដែលមានឪពុកម្តាយជាខ្មោច កូនក៏អាចក្លាយជាមនុស្សល្អក្នុងសង្គមបានដែរ តាមរយៈការបញ្ចៀសកូន ពីបរិស្ថានដែលឪពុកម្តាយប្រព្រឹត្តិ ដូចជាយកមកបួសរៀននៅក្នុងវត្ត ដើម្បីរៀនពីធម៌ រៀនចំណេះដឹងផ្សេងៗ និងរៀនពីបរិស្ថានជីវីត នោះពួកនឹងក្លាយធនធានល្អ ក្នុងសង្គមហើយយកចំណេះដឹងទាំងនោះមកជួយឪពុកម្តាយវិញ។
ដូចគ្នានេះដែរ មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងគ្រួសារមួយដែលមានឪពុកម្តាយប្រព្រឹត្តិមិនល្អ មិនប្រាកដថា កូននឹងប្រព្រឹត្តិដូចឪពុកម្តាយរបស់ ១០០%នោះទេ ប្រសិនបើពួកគេទៅរស់នៅក្នុងសង្គមបរិស្ថានដែលល្អ ពួកគេក៏អាចក្លាយជាធនធានល្អបានដែរ។ ផ្ទុយមកវិញគ្រួសារខ្លះដែលឪពុកម្តាយសុទ្ធតែល្អ ប៉ុន្តែកូនបែរជាមិនល្អក៏មាន៕
សូមស្តាប់ការពន្យល់របស់ព្រះសង្ឃ និងអ្នកជំនាញក្នុងពុទ្ធសាសនា៖