(បន្ទាយមានជ័យ)៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការរបស់គណៈបញ្ជាការ បានចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន២កន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំងខាងលើរយៈពេលជាង៣ខែកន្លងមក។
ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការចង្អុលដឹកនាំដោយផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ការឆ្មក់ចូលក្នុងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនបរទេសចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ ជនបរទេសទាំងនោះ កំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន និងស្ថិតក្នុងស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួលយកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត។
ពលរដ្ឋថៃទាំង១២៣នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៏ដូចជាសហការដើម្បីកំណត់មុខសញ្ញាមេក្លោងសំខាន់ដទៃទៀត នឹងឈានទៅស្វែងរក ចាប់ខ្លួនជនល្មើស ជាមេក្លោងយកមកអនុវត្តច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនបរទេស ផ្សេងទៀតសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕