(ភ្នំពេញ)៖ ឆ្លើយតបជាមួយស្ថានភាពមិនច្បាស់លាស់នៃសភាពការណ៍ពិភពលោក នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខ អាកាសចរណ៍ស៉ីវិល បានដាក់ចេញការណែនាំដាច់ខាតឲ្យគ្រប់បណ្ដាអង្គភាព ស្ថាប័នទាំងអស់ដែលមានកម្លាំងឈរជើងនៅអាកាសយានដ្ឋានអន្ដរជាតិ ត្រូវបន្ដពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងគ្មានអំពើភេវរកម្ម។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយៈពេល១ឆ្នាំ របស់គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែរបស់គ្រប់បណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរួមសហការគ្នាបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងជោគជ័យនាពេលកន្លងមក។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានឲ្យគិតគូរអំពីការធ្វើសមយុទ្ធផងដែរ ទាំងការធ្វើសមយុទ្ធលើតុ និងសមយុទ្ធនៅទីតាំងជាក់ស្ដែង ខណៈការងារធានាសន្ដិសុខ សណ្ដាប់ធ្នាប់ នៅអាកាសយដ្ឋានអន្ដរជាតិទាំងអស់ គឺមិនអាចធ្វេសប្រហែសបានឡើយ។ លោកកត់សម្គាល់ថា កន្លងមកអង្គភាព ស្ថាប័នពាក់ព័ន្ធបានរួមសហការគ្នាបំពេញបានយ៉ាងល្អយ៉ាងណាក្ដី ពិសេសពង្រឹងការចេញចូលបានយ៉ាងល្អប្រសើរ។
ប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ចំពោះការរក្សាដាច់ខាតនូវសន្ដិសុខ និងគ្មានអំពើភេវរកម្ម ប្រគល់ជូនឯកឧត្តម ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ជួយដឹកនាំដោយផ្ទាល់ដល់អង្គភាពនគរបាល អាវុធ កងយោធពលខេមរភូមិន្ទ។ ត្រូវគិតទាំងសមយុទ្ធលើស្ថានភាពជាក់ស្ដែង កន្លងមកយើងធ្វើបានល្អខ្ញុំសូមកោតសរសើរ តែយើងត្រូវធ្វើបន្ដទៀត»។
ដោយឡែក សម្រាប់រដ្ឋបាលរាជធានី-ខេត្ត ដែលមានការពាក់ព័ន្ធជាមួយអាកាសយានដ្ឋាន ត្រូវបំពេញកាតព្វកិច្ចក្នុងនាមជាអង្គភាពសហការ ហើយក្នុងករណីចាំបាច់ត្រូវផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានពញ្ញាក់ស្មារតីឲ្យគ្រប់អង្គភាពទាំងអស់ ត្រូវរួមគ្នាលើកិត្តិនាមកម្ពុជា តាមរយៈការលុបបំបាត់ភាពអសកម្ម ការកោសរួសតាមរបៀបផ្សេងៗ។ ក្នុងន័យនេះ លោកបានបញ្ជាក់ថា ដើម្បីលុបបំបាត់បញ្ហានេះត្រូវបង្កើនឲ្យមានស្ដង់ដារ SPO ក្នុងការបំពេញភារកិច្ច ដោយគិតទាំងឯកសណ្ឋាន ឥរិយាបថ និងសកម្មភាពនៃការបំពេញការងារប្រចាំថ្ងៃរបស់មន្ដ្រី ពោលត្រូវ «មានសេវាល្អ ស្អាត និងមានគុណភាព»។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិ សន្ដិសុខអាកាសចរណ៍ស៉ីវិល បានឲ្យដឹងថា ក្រុមការងារលេខាធិការដ្ឋាន បានធ្វើបច្ចុប្បន្នភាពគណៈកម្មការសន្តិសុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគណៈកម្មការ សន្តិសុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និង គណៈកម្មការសន្តិសុខ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
លើសពីនេះ បានធ្វើបច្ចុប្បន្នភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ ស៊ីវិល និងបានរៀបចំសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព ការរៀបចំ និងការ ប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល។ ការកំណត់ចំនួនបណ្ណ និងនីតិវិធីនៃការផ្តល់បណ្ណសន្តិសុខសម្រាប់ ចេញ-ចូល អាកាស យានដ្ឋានអន្តរជាតិ ជូនដល់គ្រប់ក្រសួង ស្ថាប័ន ស្ថានទូត អង្គការជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជនផ្តល់សេវាកម្មក្នុងអាកាសយានដ្ឋានអន្តរជាតិ និង អង្គភាពពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
បើតាមលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក្នុងមួយឆ្នាំកន្លងទៅនេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានបណ្ដុះបណ្ដាលសន្ដិសុខ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ, អាកាសយានដ្ឋានអន្ដរជាតុសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ៕