(កំពត)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក មឿង គង្គា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សហការជាមួយមន្ទីរទេចរខេត្តកំពត បាននាំសមាជិក សមាជិកា ស.ស.យ.ក ក្នុងខេត្តកំពតជាង៣០០នាក់ មកពីក្រុងកំពត ក្រុងបូកគោ ស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ធ្វើដំណើរទស្សនកិច្ចពេញមួយថ្ងៃ ដោយចាប់ពីទីតាំងរូបសំណាក់សេះសមុទ្រ មុខសាលាខេត្តកំពត ក្នុងក្រុងកំពត ឆ្ពោះទៅភ្នំនាងសេដាឱន, សួនបន្លែកូនសត្វ, ចំការម្រេចកូនសត្វ ស្ថិតក្នុងស្រុកទឹកឈូ ឆ្ពោះទៅភ្នំកំពង់ត្រាច ក្នុងស្រុកកំពង់ត្រាច ទៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងស្រុកទឹកឈូ។

ដំណើរទស្សនកិច្ចរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត គោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តកំពត ក្រោមប្រធានបទ «យុវជន និងទេសចរណ៍៖ ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា»។

ដំណើរទស្សនកិច្ចនេះដែរ ក្នុងគោលបំណង ដូចខាងក្រោម៖

*ទី១៖ លើកកម្ពស់ការយល់ដឹង ស្រឡាញ់ទឹកដី និងចូលរួមអភិរក្សធនធានធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្ររបស់ជាតិ
*ទី២៖ ចូលរួមផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍ខេត្តកំពតឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ
*ទី៣៖ ចូលរួមយុទ្ធនាការ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា» និង «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា»
*ទី៤៖ បង្ហាញពីសមត្ថភាពរបស់យុវជន ក្នុងបរិបទឌីជីថល ៤.០ ក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម
*ទី៥៖ ថតរូបតាមស្រុកនីមួយៗ ត្រូវមានស្តាយប្រកបដោយភាពទាក់ទាញសមស្របតាមទំនៀមទម្លាប់ប្រពៃណី
*ទី៦៖ ថតរូបរួមគ្នាដោយបង្កើតស្តាយមួយ (ស.ស.យ.ក)
*ទី៧៖ ស្រុកនីមួយៗ ក្នុងដំណើរទស្សនកិច្ចនេះចាប់ត្រូវមាន VIDEO ខ្លីៗ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តកំពត និងរូបភាព Fix
*ទី៨៖ ដំណើរទស្សនកិច្ចនេះ ចាប់ផ្ដើមឡើងម្នាក់ៗ ត្រូវ Post រូប ឬ Video ឬ Selfie ឲ្យបានព្រមៗគ្នា ដើម្បីបានសកម្មភាព។

លោក មឿង គង្គា បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមយុវជនខាងលើ គឺចង់បង្ហាញកិត្យានុភាពរបស់ទឹកដីដ៏ផូផង់របស់កម្ពុជាយើង និងជាប្រវត្តិសាស្ត្រដែលដូនតាយើងបានបន្សល់ទុកឲ្យ ហើយចង់បង្ហាញពីភាពរីក ចម្រើនរបស់ខេត្តកំពត ទៅលើតំបន់ដែលមានសក្តានុពលទេសចរមួយចំនួន ដែលថ្នាក់ដឹកនាំ បានខិតខំប្រឹងប្រែងថែរក្សាអភិរក្ស និងច្នៃប្រឌិតកន្លងមកនេះ។

លោកថា «ជាងនេះទៅទៀត គឺចង់បង្ហាញថា តើយុវជនក្នុងសម័យឌីជីថល 4.0 នេះ យើងធ្វើអ្វីបានសម្រាប់សង្គមជាតិរបស់យើង ជាពិសេសខេត្តកំពត!»។ លោកបានសំណូមពរយុវជន ដែលមានវត្តមានជាង៣០០នាក់ នៅថ្ងៃនេះ សូមចូលរួមបង្ហាញអំពីថា តើសម្រាប់ខេត្តកំពត មានអ្វីដែលល្អ និងមានលក្ខណៈពិសេសពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ធ្វើយ៉ាងណាជួយផ្សព្វផ្សាយ តាមរយៈយន្តការយុទ្ធនាការ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា» និង «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីយើងទាំងអស់គ្នា»។

លោក មឿង គង្គា បានថ្លែងអំណរគុណលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលកន្លងមកនេះ បានបង្កើតស្នាដៃជាច្រើន ដែលមានភាពល្បីល្បាញ និងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មុខទស្សនាកំសាន្ត ដូចជារូបសំណាក់សេះសមុទ្រ នាឡិកាយក្សកម្ពស់៣៥ម៉ែត្រ ដែលធំជាងគេនៅកម្ពុជា និងថ្មីៗនេះ បាននិងកំពុងសាងសង់ទឹករាំតាមចង្វាក់ភ្លេង ដែលមានប្រមាណ១១បទ និងលេចរូបរាងក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ព្រមទាំងបានកែលម្អ និងស្ថាបនាឡើងពាក់ព័ន្ធតំបន់ទេសចរណ៍នៅក្នុងខេត្តផងដែរ។ ដូច្នេះសូមបងប្អូនយុវជន សូមជួយធ្វើការផ្សព្វផ្សាយនូវសមិទ្ធផលទាំងអស់នេះឲ្យបានដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដើម្បីឲ្យពួកគេជ្រួតជ្រាប និងមកទស្សនាសម្រាកកំសាន្តលេងអូយកាន់តែច្រើនឡើងថែមទៀតក្នុងភូមិសាស្ត្រខេត្តកំពត។

ក្នុងដំណើរទស្សនកិច្ចនាថ្ងៃនេះ ដោយមានការឧបត្ថម្ភគាំទ្រ និងឯកភាពជាគោលការណ៍ ពីសំណាក់លោកអភិបាលខេត្តកំពត ឱ្យរូបលោកដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ជាង ៣០០នាក់ក្នុងការងារដំណើរទស្សនកិច្ចនេះ សម្របសម្រួលទូទៅ ដើម្បីជួយផ្សព្វផ្សាយសមិទ្ធផលរបស់ខេត្ត ធ្វើយ៉ាងណាឱ្យមានការរីកចម្រើនបន្ថែមទៀត។

លោក មឿង គង្គា បានបន្តថា ក្នុងកិច្ចការដំណើរទស្សនកិច្ចខាងលើនេះ គឺមានការគិតគូរ និងយកចិត្តទុកដាក់ពីលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សំណង់ និងសុរិយោដី និងជាអនុប្រធាន ប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត លោកបានឯកភាព និងណែនាំឲ្យរូបលោកសហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពត ក្នុងការធ្វើដំណើរទស្សនកិច្ច បណ្ដាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងសហគមន៍នេសាទឲ្យបានល្អប្រសើរ។

តាមការពិតលោកឧបនាយករដ្ឋមន្ត្រី ត្រូវមកចូលរួមក្នុងដំណើរទស្សនកិច្ចជាមួយក្រុមយុវជន ស.ស.យ.ក និងស.ស.យ.ក ក្រសួងនាថ្ងៃនេះ ប៉ុន្តែដោយសារលោកជាប់ភារកិច្ច ដូច្នេះប្រគល់ភារកិច្ចក្នុងដំណើរទស្សនកិច្ចនេះ ឲ្យលោកដឹកនាំជំនួសវិញ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់ក្រុមយុវជន ស.ស.យ.ក ខេត្តកំពតទាំងអស់។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យយុវជនយើងទាំងអស់ចូលរួមសកម្ម ជាមួយប្រជាពលរដ្ឋក្នុង មូលដ្ឋាន ដើម្បីឲ្យខេត្ត និងប្រទេសរបស់យើង មានការរីកចម្រើន បង្កើនសេដ្ឋកិច្ចហក់ឲ្យបានលឿនតាមរយៈទេសចរណ៍ផង ឧស្សាហកម្មផង កំណើនសេដ្ឋកិច្ចបែបកសិកម្មផង ទាំងអស់នេះជាខឿនសេដ្ឋកិច្ចមួយ សម្រាប់រុញវិស័យសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនទៅមុខ៕