(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៩,៨២៥បណ្ណ ជូនប្រជាពលរដ្ឋចំនួន៤,១៩៩គ្រួសារនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការចែកបណ្ណជូនប្រជាពលរដ្ឋនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នាថ្ងៃនេះមានចំនួន៥ភូមិ សរុបចំនួន៩,៨២៥បណ្ណ ស្មើនឹង៤,១៩៩គ្រួសារ ក្នុងនោះមានភូមិចំការស្វាយមានចំនួន៣,០៦៩បណ្ណ ស្មើនឹង១,១៨៤គ្រួសារ ភូមិខ្នាចមានចំនួន២,០៦៩បណ្ណ ស្មើនឹង៨២០គ្រួសារ ភូមិវត្តសេដ្ឋីមានចំនួន១៤៩៧បណ្ណ ស្មើនឹង៨១៥គ្រួសារ ភូមិអង្ក្រងមានចំនួន១១៦៤បណ្ណ ស្មើនឹង៥៣៣គ្រួសារ និងភូមិពារាជ្យមានចំនួន២០២៦បណ្ណ ស្មើនឹង៨៤៧គ្រួសារ។

លោក ស៊ុន ស៊ុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លី ដែលបានប្រឹងប្រែងខិតខំបំពេញភារកិច្ច ធ្វើឱ្យសម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ និងបានសម្ដែងនូវការអបអរសារទរចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាឱកាសនេះ និងថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីដែលអញ្ជើញជាអធិបតីក្នុងពិធីចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនាឱកាសនេះ។

លោក ឆាយ ឫទ្ធិសែន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលសម្រេចបានជាបន្ដបន្ទាប់នៅទូទាំងខេត្តកំពង់ឆ្នាំង ជាពិសេសការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានលឿន និងមានប្រសិទ្ធភាព។

លោករដ្ឋមន្រ្ដីបានបន្ដទៀតថា ការងារចុះបញ្ជីដីធ្លី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះជាផ្នែកមួយដើម្បីធានាបាននូវសុវត្ថិភាពដីធ្លី បញ្ចៀសបាននូវរាល់ទំនាស់ដីធ្លី ទំនាស់ព្រំដី ជាវត្ថុសម្គាល់កម្មសិទ្ធិករស្របច្បាប់ពេញលេញ ជូនអ្នកកាន់កាប់ និងអាចយកទៅប្រើប្រាស់តាមតម្រូវការ ចូលរួមចំណែកធ្វើឱ្យតម្លៃដីអចលនទ្រព្យកើនឡើង ជាការកំណត់ប្រភេទដី បង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំដីធ្លីឱ្យមានសណ្តាប់ធ្នាប់ល្អ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប និងជាផ្នែកមួយនៃការផ្តល់សេវាសាធារណៈផ្ទាល់ដៃជូនដល់ប្រជាពលរដ្ឋប្រកបដោយជំនឿទុកចិត្ត។

ជាមួយគ្នានោះ លោករដ្ឋមន្រ្ដីបានផ្តល់អនុសាសន៍ជូនដល់ក្រុមការងារបច្ចេកទេស ត្រូវបន្តជំរុញបញ្ចប់ការងារវាស់វែងតាមផែនការដែលបានកំណត់ ដើម្បីឈានទៅរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ និងសម្រេចបានខេត្តកំពង់ឆ្នាំងជាខេត្តបន្ទាប់ បានបញ្ចប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ១០០% ព្រមទាំងបានផ្ដាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់សូមបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព៖ គ្មានសកម្មភាពលួច ឆក់ ប្លន់ គ្មានការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀន គ្មានអំពើអណាចារ្យ ការជួយដូរមនុស្ស និងគ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង និងគ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ គ្មានការប្រើប្រាស់អាវុធខុសច្បាប់ និងគ្មានបទល្មើសគ្រប់ប្រភេទ៕